
រដ្ឋធានីបាងកក៖ ដើម្បីធ្វើទំនើបកម្មសមត្ថភាពយោធាឱ្យកាន់តែខ្លាំង ងាយស្រួលឈ្លានពានប្រទេសជិតខាង ថៃបាននិងកំពុងពិចារណាលើការបញ្ជាទិញមីស៊ីលល្បឿនលឿនជាងសំឡេងប្រភេទ BrahMos ស្ងាត់ៗពីឥណ្ឌា។ នេះបើតាមការទម្លាយឱ្យដឹងពីគេហទំព័រ Defence.In នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦។ បើយោធាថៃ មាន BrahMos របស់ឥណ្ឌាមែន តើវានឹងជះឥទ្ធិពលអ្វីខ្លះមកលើអធិបតេយ្យភាពកម្ពុជា ស្របពេលដែលយោធាប្រទេសមួយនេះ កំពុងពង្រីកមហិច្ឆតាឈ្លានពានម្ដងហើយម្ដងទៀត...?

មែនទែនទៅ ការបញ្ជាទិញអាវុធដ៏មានសក្តានុពលនេះ បានបង្ហាញពីផែនការវែងឆ្ងាយរបស់រាជរដ្ឋាភិបាលរាជធានីបាងកក លើការធ្វើទំនើបកម្មកម្លាំងប្រដាប់អាវុធរបស់ខ្លួនឱ្យកាន់តែមានភាពជឿនលឿន កាចសាហាវ និងបង្កការគំរាមកំហែងដល់បណ្តាប្រទេសជាប់ព្រំដែន ពិសេស គឺប្រទេសកម្ពុជាផ្ទាល់តែម្ដង។ ជាក់ស្តែង យោធាថៃ បានបើកការឈ្លានពានមកលើទឹកដីកម្ពុជាចំនួន២លើករួចមកហើយ ដោយមិនកោតក្រែងច្បាប់អន្តរជាតិ។ អ្នកជំនាញភូមិសាស្ត្រនយោបាយអន្តរជាតិ ជាពិសេសតំបន់អាស៊ាន យល់ឃើញថា ប្រទេសថៃ ចង់ប្រើប្រព័ន្ធមីស៊ីលដ៏ទំនើប និងកាចសាហាវមួយនេះ ពង្រីកឥទ្ធិពលខ្លួនឱ្យក្លាយជាបងធំផ្នែកសព្វាវុធដ៏មានសក្តានុពលមួយក្នុងតំបន់ បន្ទាប់ពីឃើញប្រទេសវៀតណាម ឥណ្ឌូណេស៊ី សិង្ហបុរី ធ្វើទំនើបកម្មលើប្រព័ន្ធការពារជាតិរបស់ពួកគេ កាន់តែធំជាងមុន ហើយក៏ជាការដាក់សម្ពាធដល់បណ្តាប្រទេសជាប់ព្រំដែនជាមួយប្រទេសថៃ កុំឱ្យហ៊ានតតាំងផងដែរ។

សូមជម្រាបថា មីស៊ីល BrahMos ដែលជាអាវុធបច្ចេកវិទ្យារួមផ្សំគ្នារវាងរុស្ស៊ី និងឥណ្ឌា គឺជាប្រព័ន្ធមីស៊ីលតម្រង់ទិសយុទ្ធសាស្ត្រដ៏មានឥទ្ធិពលបំផុតក្នុងចំណោមប្រព័ន្ធមីស៊ីលល្បីៗ នៅទូទាំងពិភពលោក។ វាត្រូវបានគេចាត់ទុកថា ជាមីស៊ីល មានល្បឿនលឿនជាងសំឡេងដ៏គួរឱ្យខ្លាចបំផុត។ ជាក់ស្តែង វាមានសមត្ថភាពអាចវាយប្រហារគោលដៅក្នុងល្បឿនលឿនជាងសំឡេងជិត៣ដង។ មីស៊ីលនេះ ផ្តល់នូវការលាយបញ្ចូលគ្នាជាពិសេសនៃល្បឿនដ៏គួរឱ្យខ្លាច ភាពជាក់លាក់នៃការកំណត់គោលដៅខ្ពស់ និងសមត្ថភាពអាចបាញ់ចេញពីទីតាំងផ្សេងៗគ្នា។ ដូច្នេះហើយ ការពិចារណាទិញប្រព័ន្ធមីស៊ីល BrahMos អាចនឹងធ្វើឱ្យយោធាថៃ កាន់តែខ្លាំង និងកាន់តែសាហាវ។ ការណ៍នេះ ក៏ជាសារមួយប្រាប់ទៅសម្ព័ន្ធមិត្តចាក់់ទឹកមិនលិចរបស់ខ្លួន គឺសហរដ្ឋអាម៉េរិក ផងដែរថា ទោះបីជាសហរដ្ឋអាម៉េរិកមិនព្រមលក់យន្តហោះចម្បាំង F-35 ឱ្យខ្លួនក៏ដោយ ក៏ថៃអាចបញ្ជាទិញសព្វាវុធពីប្រទេសចិនយ៉ាងគំហុក ហើយក៏អាចបញ្ជាទិញអាវុធពីប្រទេសឥណ្ឌាបានថែមទៀតផងដែរ៕






