
អាស៊ី៖ រូបភាពផ្កាយរណបពាណិជ្ជកម្ម កាលពីចុងខែមិថុនា និងដើមខែកក្កដា ឆ្នាំ២០២៦ បង្ហាញថា ប្រទេសចិនបានពង្រាយយន្តហោះចម្បាំងបំបាំងកាយប្រភេទ J-20 Mighty Dragon យ៉ាងហោចណាស់១១គ្រឿង នៅទូទាំងមូលដ្ឋានអាកាសហូតាន់ (Hotan) នៅខេត្តស៊ីនជាំង និងដាំស៊ុង (Damxung) ក្នុងតំបន់ទីបេ ដែលជាការប្រមូលផ្តុំកម្លាំងផ្លូវអាកាសជំនាន់ទី៥ ដ៏ធំបំផុតមិនធ្លាប់មាន នៅទល់មុខព្រំដែនភាគខាងជើង ដែលមានជម្លោះជាមួយឥណ្ឌា។

ចិនដាក់ពង្រាយនាគរាជបំបាំងកាយ J-20 ៧គ្រឿងនៅមូលដ្ឋានអាកាសហូតាន់ ដែលស្ថិតនៅចម្ងាយត្រឹម២៤៥គីឡូម៉ែត្រពីព្រលានយន្តហោះយុទ្ធសាស្ត្រ Daulat Beg Oldie របស់ឥណ្ឌា។ លើសពីនេះ ចិនបានដាក់ពង្រាយនាគរាជបំបាំងកាយ J-20 ៤គ្រឿងទៀតនៅមូលដ្ឋានទ័ពអាកាសដាំស៊ុង (Damxung) ស្ថិតនៅចម្ងាយ ៣៤៤គីឡូម៉ែត្រពីក្រុងតាវ៉ាង(Tawang) នៃប្រទេសឥណ្ឌា។ ការដាក់ពង្រាយនេះ បានផ្លាស់ប្ដូរការវាយតម្លៃកម្លាំងការពារអាកាសរបស់ឥណ្ឌាយ៉ាងខ្លាំង ដោយសារឥណ្ឌាមិនទាន់មានយន្តហោះចម្បាំងជំនាន់ទី៥ នៅឡើយ ដោយត្រូវពឹងផ្អែកត្រឹមយន្តហោះ Dassault Rafale ចំនួន៣៦គ្រឿង និង Su-30MKI ជាយន្តហោះជំនាន់ទី៤.៥។

សមត្ថភាពបំបាំងកាយ សេនស័រទំនើប និងមីស៊ីលអាកាសទៅអាកាសចម្ងាយឆ្ងាយ PL-15 របស់ J-20 ផ្តល់ឧត្តមភាពដល់ចិនក្នុងការប្រយុទ្ធ មុនពេលរ៉ាដាឥណ្ឌាអាចចាប់សញ្ញាបាន។ គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦ សមត្ថភាពផលិតទ្រង់ទ្រាយធំរបស់ចិន ប្រមាណ១០០ ទៅ១២០គ្រឿងក្នុងមួយឆ្នាំ ដោយបានធ្វើឱ្យកងយន្តហោះ J-20 កើនឡើងដល់ជិត៥០០គ្រឿង ដែលអនុញ្ញាតឱ្យចិនអាចពង្រាយយន្តហោះបំបាំងកាយទាំងនេះបានទាំងនៅសមរភូមិសមុទ្ទតៃវ៉ាន់ សមុទ្ធចិនខាងត្បូង និងសមរភូមិដីគោកជាប់ព្រំដែនឥណ្ឌា។ ការបង្កើនកម្លាំងទ័ពអាកាសនេះ កំពុងធ្វើឱ្យឥណ្ឌាកាន់តែប្រុងប្រយ័ត្ន និងបង្ខំឱ្យឥណ្ឌាត្រូវបង្វែរធនធានយោធាការពារជាតិជាច្រើនមកកាន់ព្រំដែនភាគខាងជើងវិញ៕



