
ក្រុងកំពត៖ ក្រុមហ៊ុន អេស៊ា យូរ៉ុប មេធល ខេអេច ឯ.ក ( ASIA EUROPE METAL KH CO., LTD.) ស្ថិតនៅភូមិមនោណុប ឃុំជំពូវន្ត ស្រុកជុំគិរី ខេត្តកំពត មិនមានរបាយការណ៍ វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងគ្មានលិខិតអនុញ្ញាតបញ្ចេញសំណល់ ដូច្នេះ ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុនបំពេញបែបបបទឱ្យបានត្រឹមត្រូវស្របតាមក្រមបរិស្ថាន និងធនធានធម្មជាតិ មុនដំណើរការផលិកម្ម…។

ក្រសួងបរិស្ថានគូសបញ្ជាក់ថា រោងចក្រដែលកែច្នៃលោហៈ នឹងអាចមានការទាញយកសារធាតុអង់ទីម៉ូនី (Antimony) ជាសារធាតុរ៉ែ ដែលប្រើក្នុងអាគុយ និងគ្រឿងអេឡិចត្រូនិច។ បើគ្មានការការពារបរិស្ថានត្រឹមត្រូវទេ ការកែច្នៃទាញយកសារធាតុ អង់ទីម៉ូនី អាចបញ្ចេញធូលី លោហធាតុធ្ងន់ និងទឹកសំណល់។សារធាតុបំពុលទាំងនេះ អាចបង្កគ្រោះថ្នាក់ដល់ការរស់នៅរបស់មនុស្ស សត្វ បំពុលប្រភពទឹក បំពុលដី កាត់បន្ថយផលិតភាពកសិកម្ម និងបង្កហានិភ័យសុខភាពសាធារណៈ។ លើសពីនេះ ការខូចខាតបរិស្ថាន អាចមានរយៈពេលជាច្រើនឆ្នាំ ប្រសិនបើការបំពុលមិនត្រូវបានគ្រប់គ្រងឱ្យបានត្រឹមត្រូវ។

ជាថ្មីម្ដងទៀត ក្រសួងបរិស្ថាន លើកទឹកចិត្ត និងគាំទ្រដល់ការវិនិយោគ ដែលបានចូលរួមចំណែកដល់ការអភិវឌ្ឍដែលមានការគិតគូរដល់ការការពារបរិស្ថាន និងសុខភាពសាធារណៈ ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។ ក្នុងនោះការអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន គឺដើម្បីកម្ពុជាមានភាពស្អាត ភាពបៃតង និងចីរភាព៕





