
ក្រុងសៀមរាប៖ គណៈប្រតិភូប្រមុខមុខងារសាធារណៈអាស៊ាន ដឹកនាំដោយលោក ហ្ស៊ូដាន អារីហ្វ ហ្វាគ្រុលលូហ៍ (Zudan Arif Fakrulloh) ប្រធានទីភ្នាក់ងារជាតិមុខងារសាធារណៈជាតិ នៃសាធារណរដ្ឋឥណ្ឌូណេស៊ី បានប្រកាសពីការត្រៀមខ្លួនក្នុងការបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយកម្ពុជា ដើម្បីជាប្រយោជន៍ដល់ប្រជាជន…។

ក្នុងឱកាសនៃជំនួបជាមួយ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ប្រធានគណៈប្រតិភូប្រមុខមុខងារសាធារណៈអាស៊ាន លោក ហ្ស៊ូដាន អារីហ្វ ហ្វាគ្រុលលូហ៍ បានសម្ដែងការអបអរសាទរ និងកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំបានយ៉ាងល្អនូវកិច្ចប្រជុំមុខងារសាធារណៈ លើកទី២៣ សម្រាប់កិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈ (ACCSM) និងកិច្ចប្រជុំលើកទី៨ សម្រាប់កិច្ចប្រជុំមុខងារសាធារណៈ អាស៊ានបូក៣ (ACCSM+3) នាឱកាសនេះ។ លោកបានវាយតម្លៃខ្ពស់ចំពោះកម្ពុជា ដែលបានជ្រើសរើសមូលបទ «នវានុវត្តន៍សម្រាប់ការផ្ដល់សេវាសាធារណៈឱ្យកាន់តែប្រសើរឡើង» ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារបស់អាស៊ាន ក្នុងការចែករំលែកឧត្តមានុវត្តន៍ សំដៅកសាងមុខងារសាធារណៈមួយ ដែលមានភាពឆ្លើយតបលឿនរហ័ស មានប្រសិទ្ធភាព និងយកប្រជាជនជាស្នូលនៅទូទាំងតំបន់អាស៊ាន។

ប្រធានគណៈប្រតិភូប្រមុខ[មុខងារសាធារណៈអាស៊ាន] បានគូសបញ្ជាក់ ពីការត្រៀមខ្លួនក្នុងការបន្តកិច្ចសហប្រតិបត្តិការឱ្យបានជិតស្និទ្ធជាមួយកម្ពុជា និងបណ្ដាប្រទេសសមាជិកអាស៊ានដទៃទៀត ដើម្បីជាប្រយោជន៍ដល់ប្រជាជនក្នុងតំបន់។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍អរគុណចំពោះគណៈប្រតិភូអាស៊ាន និងអាស៊ានបូកបី ដែលបានចូលរួមនៅក្នុងកិច្ចប្រជុំមុខងារសាធារណៈដ៏មានសារសំខាន់នេះ និងបានចាត់ទុកវត្តមានរបស់គណៈប្រតិភូក្នុងកិច្ចប្រជុំនេះ ឆ្លុះបញ្ចាំងពីឆន្ទៈ និងការប្តេជ្ញាចិត្តរបស់ប្រទេសសមាជិកអាស៊ាន ក្នុងការតភ្ជាប់ និងលើកកម្ពស់វិស័យមុខងារសាធារណៈអាស៊ាន។

សម្ដេចធិបតី បានរំឭកពីសារបាននៃដំណើរវិវឌ្ឍន៍នៃវិស័យមុខងារសាធារណៈ ក៏ដូចជាដំណើរការនៃកំណែទម្រង់មុខងារសាធារណៈរបស់កម្ពុជា ផ្ដោតសំខាន់លើការពង្រឹងស្ថាប័ន និងការធ្វើនវានុវត្តន៍ ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជន ចំពោះសេវាសាធារណៈ។ សម្ដេចគូសបញ្ជាក់ថា កំណែទម្រង់នេះ ដើម្បីធ្វើឱ្យមានគណនេយ្យភាព និងតម្លាភាព ព្រមទាំងការរួមបញ្ចូលនូវបច្ចេកវិទ្យា ដើម្បីកាត់បន្ថយនីតិវិធីស្មុគស្មាញ និងការិយាធិបតេយ្យ ក្នុងដំណើរការផ្ដល់សេវាសាធារណៈ៕




