
រាជធានីភ្នំពេញ៖ តបតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យមានការអនុវត្តវិធានការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោកឡើងវិញ ក្នុងខេត្តចំនួន៥ ដែលកើនឡើងចំនួនគ្រោះថ្នាក់ចរាចរណ៍។ នេះបើតាមការបញ្ជាក់ពី លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦...។

លោក ទូច សុឃៈ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា ការអនុវត្តវិធានការរឹតបន្ដឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឡើងវិញ នឹងចាប់អនុវត្តពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦តទៅ។ លោកលម្អិតថា ការរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនេះ អនុវត្តតែនៅភូមិសាស្ត្រដែលមានគ្រោះថ្នាក់ច្រើនរួមមាន៖ រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តស្វាយរៀង ដោយផ្តោតលើអំពើល្មើសដែលបង្កគ្រោះថ្នាក់ រួមមាន៖ ការបើកបរលើសល្បឿនកំណត់ ការបើកបរក្នុងស្ថានភាពស្រវឹង ការមិនគោរពសញ្ញាសិទ្ធិអាទិភាព ភ្លើងស្តុប និងការដឹកជញ្ជូនទំនិញសំពីងសំពោង។

គោលការណ៍ឯកភាពពីប្រមុខរាជរដ្ឋាភិបាល គឺឆ្លើយតបទៅនឹងសំណើបស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលបានស្នើសុំកាលពីថ្ងៃទី៣០កក្កដា បន្ទាប់ពីការផ្អាកដោយសារស្ថានការណ៍សង្គ្រាមតាមព្រំដែន និងវិបត្តិសេដ្ឋកិច្ចសកល។ របាយការណ៍ចេញផ្សាយដោយក្រសួងមហាផ្ទៃ ត្រឹមរយៈពេល៦ខែ ឆ្នាំ២០២៦ គ្រោះថ្នាក់ចរាចរណ៍បានកើនឡើង២០ភាគរយ សម្លាប់មនុស្ស៧៧៣នាក់ និងរងរបួស១៩៤៤នាក់។ មូលហេតុចម្បងនៃគ្រោះថ្នាក់រួមមាន៖ បើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធិអាទិភាព មិនប្រកាន់ស្តាំ វ៉ាជែង បត់មិនប្រយ័ត្ន បើកបរក្នុងស្ថានភាពស្រវឹង មិនគោរពសញ្ញាចរាចរណ៍ និងកត្តាបច្ចេកទេសយានយន្ត។ល៕





