«ទ្វារទឹកនៃប្រព័ន្ធធារាសាស្ដ្រ៣០កញ្ញា»នៅខេត្តកំពង់ធំ ត្រូវបានជួសជុសរួចរាល់ អ្នកជំនាញហាមដាច់ខាតយកដែកទៅផ្សារបន្ថែម
S
Sreyleak Yith
12 ម៉ោងមុន

ក្រុងស្ទឹងសែន៖ ទ្វារទឹកនៃប្រព័ន្ធធារាសាស្ដ្រ៣០កញ្ញា ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ពេលនេះ ជួសជុលរួចរាល់ជាស្ថាពរហើយ ដោយធានាបាននូវស្តង់ដារបច្ចេកទេសត្រឹមត្រូវ និងសុវត្ថិភាពខ្ពស់សម្រាប់ការប្រើប្រាស់បន្ត។ នេះបើតាមការឱ្យដឹងពីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៥សីហា ឆ្នាំ២០២៦…។

ក្រសួងធនធានទឹក គូសបញ្ជាក់ថា កាលពីថ្ងៃទី១៧កក្កដា ឆ្នាំ២០២៦ នៅចំណុចសំណង់ស្ទាក់ទឹកទី៣ លើប្រឡាយមេទី៣ នៃប្រព័ន្ធធារាសាស្ដ្រ៣០កញ្ញា កើតមានករណីបាក់ទម្រថាសបេតុងទ្រទ្វារទឹក។ ក្រសួងគូសបញ្ជាក់ថា មូលហេតុនៃការខូចខាតនេះ គឺបណ្ដាលមកពីការយកដែកសន្លឹកទៅផ្សារបន្ថែមលើទ្វារទឹក ដោយពុំបានអនុលោមតាមបទដ្ឋានបច្ចេកទេស ទើបធ្វើឱ្យប៉ះពាល់ និងបាក់ទម្រខាងលើនៃទ្វារទឹក។ដូចនេះ ក្រុមការងារបច្ចេកទេស ណែនាំដល់អាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋ ត្រូវជួយថែរក្សាសំណង់សាធារណៈ និងត្រូវប្រើប្រាស់ស្របតាមបទដ្ឋានបច្ចេកទេស ដោយមិនត្រូវយកសន្លឹកដែកទៅផ្សារបន្ថែម លើទ្វារទឹកនោះទេ។ ការធ្វើបែបនេះ គឺខុសបច្ចេកទេស នឹងបង្កផលប៉ះពាល់ដល់ថាសទម្រ និងប្រព័ន្ធមេកានិច នាំឱ្យរាំងស្ទះដល់ការចែកចាយទឹកជូនប្រជាពលរដ្ឋ។

គួរជ្រាបថា ប្រព័ន្ធធារាសាស្ត្រ៣០កញ្ញា ទទួលប្រភពទឹកពីអាងស្ទឹងស្ទោង មានទំនប់មួយខ្សែប្រវែង១៤៣១៦ម៉ែត្រ ប្រឡាយមេបេតុងចំនួន៣ខ្សែ ប្រវែង៤៦០៩៦ម៉ែត្រ ប្រឡាយរង១៦ខ្សែ ប្រវែង១០៨គីឡូម៉ែត្រ និងសំណង់សិល្បការ១១៩កន្លែង មានសក្តានុពលអាចស្រោចស្រពស្រូវវស្សាចំនួន៣ម៉ឺន៥ពាន់ហិកតា ស្រូវប្រាំងបានចំនួន១ម៉ឺនហិកតា និងអាចបម្រើដល់ការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋចំនួន១១ឃុំ និង៣ស្រុក។ គួរជ្រាបថា ប្រព័ន្ធធារាសាស្ត្រ៣០កញ្ញានេះ បានថែទាំដោយនាយកដ្ឋានធារាសាស្ត្រកសិកម្ម ស្ថិតនៅឃុំតាគ្រាម ស្រុកស្ទោង ចាប់តាំងពីដើមឆ្នាំ២០២៣៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត