លោក មីន អ៊ុងឡាំង ត្រៀមបំពេញទស្សនកិច្ចផ្លូវការនៅថៃ ស្តារទំនាក់ទំនង និងរុញច្រានវត្តមានភូមាក្នុងអាស៊ាន
N
Nary Vann
16 ម៉ោងមុន

រាជធានីបាងកក៖ អតីតមេដឹកនាំរបបសឹកភូមា ឬមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង (Min Aung Hlaing) ត្រូវបានគេរំពឹងថា នឹងធ្វើដំណើរទៅដល់ប្រទេសថៃ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ខាងមុខ ជាដំណើរទស្សនកិច្ចលើកដំបូងបង្អស់របស់លោក ក្នុងនាមជាមេដឹកនាំស៊ីវិល ដើម្បីស្តារទំនាក់ទំនងការទូតឡើងវិញ បន្ទាប់ពីប្រទេសនេះ ត្រូវបានបាត់ចេញពីឆាកអន្តរជាតិអស់មួយរយៈពេលធំ...។

លោក មីន អ៊ុងឡាំង
លោក មីន អ៊ុងឡាំង

លោក មីន អ៊ុងឡាំង ដែលបានដឹកនាំរដ្ឋប្រហារយោធា កាលពីឆ្នាំ២០២១ និងបានកាន់តំណែងជាប្រធានាធិបតីភូមា កាលពីខែមេសាកន្លងទៅ ក្រោយការបោះឆ្នោតមួយដែលរងការរិះគន់ពីលោកខាងលិច ត្រូវបានមើលឃើញថា កំពុងប្រឹងប្រែងយ៉ាងខ្លាំងក្នុងយុទ្ធនាការការទូតរបស់ខ្លួន។ លោកបានផ្លាស់ប្ដូរពីឯកសណ្ឋានយោធា មកស្លៀកពាក់ស៊ីវិល និងបានធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌា ចិន និងឡាវ នាពេលកន្លងមក។

ក្នុងអំឡុងពេលទស្សនកិច្ចនៅរាជធានីបាងកក លោក មីន អ៊ុងឡាំង នឹងត្រូវទទួលស្វាគមន៍នៅវិមានរាជរដ្ឋាភិបាលថៃ ហើយនឹងជួបពិភាក្សាការងារទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរគុល។ ភាគីទាំងពីររំពឹងថា នឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យពលកម្ម ព្រមទាំងពិភាក្សាអំពីបញ្ហាសន្តិសុខតាមព្រំដែន បទល្មើសស្កេមអនឡាញ និងការជួញដូរគ្រឿងញៀន។

ទោះជាយ៉ាងណា ដំណើរទស្សនកិច្ចនេះ បានជួបប្រទះនឹងការរិះគន់យ៉ាងខ្លាំងពីសំណាក់ក្រុមអ្នកការពារសិទ្ធិមនុស្ស និងអង្គការសង្គមស៊ីវិល ដែលអះអាងថា ថៃមិនគួរបើកផ្លូវ ឬផ្តល់ភាពស្របច្បាប់ដល់មេដឹកនាំរូបនេះឡើយ ខណៈរូបលោកកំពុងរងទណ្ឌកម្មពីលោកខាងលិច និងត្រូវបានដីកាតាមចាប់ខ្លួនពីតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ជុំវិញបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត