
រាជធានីបាងកក៖ នាយករដ្ឋមន្ត្រីថៃ អនុទីន ឆានវីរគុល គ្រោងជិះយន្តហោះចម្បាំង F-16 របស់កងទ័ពអាកាសភូមិន្ទថៃ កំលុងចុះបេសកកម្មទៅបំពេញទស្សនកិច្ចតាមព្រំដែននៅកងពលអាកាសលេខ១ (ឬ Wing 1) ក្នុងខេត្តនគររាជសីមា នៅថ្ងៃទី១៤ ខែសីហាខាងមុខ។ កំលុងពេលនោះ លោក អនុទីន នឹងស្ដាប់របាយការណ៍ស្តីពីសន្តិសុខព្រំដែន ពិនិត្យមើលគ្រឿងបរិក្ខារយោធា និងធ្វើសេចក្តីថ្លែងការណ៍ទៅកាន់កងទ័ពដែនអាកាស។ នេះបើតាមការចុះផ្សាយដោយកាសែតថៃ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦។

យោងតាមរបាយការណ៍កងទ័ពអាកាសភូមិន្ទថៃ បានអញ្ជើញលោកនាយករដ្ឋមន្ត្រីថៃរូបនេះ ឱ្យចូលរួមក្នុងការហោះហើរលើយន្តហោះចម្បាំង F-16 ប្រភេទ២កៅអី ដែលមានមូលដ្ឋាននៅកងពលអាកាសលេខ១។ នាយករដ្ឋមន្ត្រីថៃ គ្រោងហោះចេញពីកងពលអាកាសលេខ៦ នៃរាជធានីបាងកក សំដៅទៅកាន់កងពលអាកាសលេខ១ ដោយយន្តហោះរបស់កងទ័ពអាកាសភូមិន្ទថៃ មុនពេលស្ដាប់របាយការណ៍ប្រតិបត្តិការស្តីពីបេសកកម្មរបស់កងទ័ពអាកាស ស្ថានភាពសន្តិសុខតាមបណ្តោយព្រំដែន ប្រតិបត្តិការបន្តបន្ទាប់ពាក់ព័ន្ធនឹងអស្ថិរភាពតាមព្រំដែន គម្រោងស្រាវជ្រាវ និងការអភិវឌ្ឍតំបន់ឈ្លានពានដីកម្ពុជា នូវកន្លែងសំខាន់ៗមួយចំនួន។ លោក អនុទីន ក៏នឹងទទួលការបង្ហាញព័ត៌មានលម្អិត អំពីផែនការបេសកកម្មហោះហើរផងដែរ។

បន្ទាប់មក លោកនាយករដ្ឋមន្ត្រី នឹងស្លៀកឈុតទ័ពអាកាសឡើងជិះយន្តហោះ F-16 សម្រាប់បេសកកម្មហោះហើរចេញដំណើរ។ ប្រសិនបើទស្សនកិច្ចនេះ ប្រព្រឹត្តទៅតាមផែនការ លោក អនុទីន នឹងក្លាយជានាយករដ្ឋមន្ត្រីថៃ ទី២ ដែលបានជិះយន្តហោះចម្បាំង F-16 ប្រភេទ២កៅអី។ គួររំឭកថា អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ឈិនៈវ័ត គឺជាថ្នាក់ដឹកនាំថៃដំបូងគេ ដែលបានចូលរួមក្នុងការហោះហើរបែបនេះ ដោយអង្គុយនៅកៅអីខាងក្រោយ ក្នុងនាមជាអ្នករួមដំណើរ៕




