
រដ្ឋធានីវ៉ាស៊ីនតោន៖ បណ្ដាញព័ត៌មានសហរដ្ឋអាម៉េរិកបានរាយការណ៍ថា ស្ដុកគ្រាប់មីស៊ីលការពារអាកាស និងប្រព័ន្ធការពារជាតិរបស់សហរដ្ឋអាម៉េរិក បានធ្លាក់ចុះយ៉ាងគំហុគពី៥០ភាគរយទៅ៨០ភាគរយ ធៀបនឹងកម្រិតមុនពេលផ្ទុះជម្លោះជាមួយអុីរ៉ង់ ហើយអាចនឹងត្រូវចំណាយពេលច្រើនឆ្នាំ ដើម្បីផលិត និងបំពេញស្ដុកទាំងនេះឱ្យមកដូចដើមវិញ។

ប្រភពពីកងទ័ពសហរដ្ឋអាម៉េរិកបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ CNN ថា គ្រាប់មីស៊ីលសម្រាប់ប្រព័ន្ធការពារអាកាស THAAD ប្រមាណជិត៨០ភាគរយ ត្រូវបានប្រើប្រាស់ក្នុងអំឡុងពេលទំនាស់ជាមួយអុីរ៉ង់ ហើយគ្រាប់មីស៊ីលសម្រាប់ប្រព័ន្ធ Patriot ក៏ត្រូវប្រើប្រាស់អស់ប្រហែលពាក់កណ្ដាលផងដែរ។ បន្ថែមពីនេះ មីស៊ីលយុទ្ធសាស្ត្រចម្ងាយឆ្ងាយដូចជា ATACMS និង PrSM ជិតអស់ពីស្តុកទាំងស្រុង ហើយមីស៊ីល Tomahawk ក៏ត្រូវប្រើអស់ជិតពាក់កណ្តាលដូចគ្នា។

ក្រុមអ្នកជំនាញបានបញ្ជាក់ថា ការផលិតគ្រាប់មីស៊ីល THAAD និង Patriot បច្ចុប្បន្ន អាចធ្វើបានត្រឹមតែបួនដប់គ្រាប់ប៉ុណ្ណោះក្នុងមួយខែ ដូច្នេះ វាអាចត្រូវចំណាយពេលលើសពី៣ឆ្នាំ ទើបអាចផលិតបំពេញស្ដុកដើមវិញបាន។ ការព្រមានអំពីការខ្វះខាតអាវុធពីសំណាក់ប្រមុខយោធាកំពូលៗ គឺជាមូលហេតុចម្បងដែលធ្វើឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ សម្រេចចិត្តបញ្ជាឱ្យផ្អាកផែនការវាយប្រហារផ្លូវអាកាសធំមួយទៅលើអុីរ៉ង់ កាលពីចុងសប្តាហ៍មុន។

ទោះបីជាសេតវិមាន និងក្រសួងសង្គ្រាមសហរដ្ឋអាម៉េរិក អះអាងថា កងទ័ពសហរដ្ឋអាម៉េរិកនៅតែមានសមត្ថភាព និងអាវុធគ្រប់គ្រាន់ដើម្បីការពារប្រទេសក៏ដោយ អ្នកវិភាគភាគច្រើនព្រមានថា ការថយចុះស្ដុកអាវុធយ៉ាងគំហុកនេះ អាចប៉ះពាល់ដោយផ្ទាល់ដល់សមត្ថភាពរបស់សហរដ្ឋអាម៉េរិក ប្រសិនបើត្រូវប្រឈមមុខ ឬផ្ទុះសង្គ្រាមជាមួយមហាអំណាចផ្សេងទៀតនាពេលអនាគត ដូចជា ចិន រុស្ស៊ី ឬកូរ៉េខាងជើង៕



