គ្រោះមហន្តរាយភ្លើងឆេះព្រៃនៅអាម៉េរិក! មនុស្សជាង៦៥០០០នាក់ត្រូវជម្លៀស ខណៈផ្ទះសម្បែងរាប់រយខ្នងក្លាយជាផេះ
N
Nary Vann
14 ម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ ប្រជាពលរដ្ឋអាម៉េរិកជាង៦៥០០០នាក់ ត្រូវបង្ខំចិត្តបោះបង់ចោលផ្ទះសម្បែង និងភៀសខ្លួនជាបន្ទាន់ក្នុងរដ្ឋវ៉ាស៊ីនតោន ខណៈគ្រោះអគ្គិភ័យភ្លើងព្រៃជាច្រើនកន្លែង បាននិងកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅ ដោយបានបំផ្លាញផ្ទះសម្បែង និងអគាររាប់រយខ្នងឱ្យក្លាយជាផេះផង់...។

អង្គការកាកបាទក្រហមសហរដ្ឋអាម៉េរិក បានបញ្ជាក់ថា ការវាយតម្លៃបឋមបង្ហាញថា អណ្តាតភ្លើងបានបំផ្លិចបំផ្លាញផ្ទះសម្បែងអស់ជាង៧០០ខ្នងរួចទៅហើយ ជាពិសេសនៅក្នុងតំបន់ Spokane County។ ជាមួយគ្នា សមត្ថកិច្ចក្នុងតំបន់បានឃាត់ខ្លួនបុរសម្នាក់ពីបទសង្ស័យដុតភ្លើងដោយចេតនា ដែលជាដើមហេតុបង្កឱ្យមានអគ្គិភ័យមួយកន្លែង ក្នុងចំណោមភ្លើងព្រៃជាច្រើនទៀត។

បច្ចុប្បន្ន ភ្លើងព្រៃដ៏ធំបំផុតមួយឈ្មោះថា Sinlahekin ដែលបានចាប់ផ្តើមឆេះដោយសារផ្លេកបន្ទោរ កាលពីចុងខែកក្កដា បានរីករាលដាលរហូតដល់ដីជាង៣៤០០០ហិកតា ដោយមានមន្ត្រី និងកងកម្លាំងសង្គ្រោះជាង៨២០នាក់កំពុងប្រយុទ្ធប្រឆាំងនឹងអណ្តាតភ្លើងយ៉ាងសកម្ម។ តែទោះជាយ៉ាងណាក៏ដោយ បញ្ហាអាកាសធាតុ និងទំហំនៃអគ្គិភ័យ គឺជារបាំងរាំងស្ទះយ៉ាងខ្លាំង ដែលធ្វើឱ្យការគ្រប់គ្រងអណ្តាលភ្លើង នៅមិនទាន់ទទួលបានជោគជ័យ១០០ភាគរយនៅឡើយទេ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត