
សុខភាព៖ សារធាតុចិញ្ចឹមក្នុងអាហារមួយចំនួន អាចជួយភ្នែកឱ្យមានសុខភាពល្អ និងជួយកាត់បន្ថយហានិភ័យនៃជំងឺភ្នែក។ ថ្ងៃនេះ SBM News នឹងលើកយកមកជម្រាបជូនលោកអ្នក ឱ្យបានជ្រាបអំពី វីតាមីនសំខាន់ៗទាំង៣ប្រភេទ ដែលនឹងជួយឱ្យភ្នែកលោកអ្នកនាងមានសុខភាពល្អ...។

១.វីតាមីន C៖ វីតាមីន C មានតួនាទីសំខាន់សម្រាប់សុខភាពភ្នែក និងប្រឆាំងអុកស៊ីតកម្ម ដែលអាចការពារ ឬយ៉ាងហោចណាស់អាចពន្យារពេលនៃការខូចខាតភ្នែកទៅតាមវ័យ ឬជំងឺភ្នែកឡើងបាយ និងជួយការពារការខូចខាតរបស់រាងកាយ ដែលបង្កឡើងដោយការទទួលទានអាហារមិនល្អចំពោះសុខភាព ឬទម្លាប់រស់នៅមិនល្អ និងកត្តាបរិស្ថាន។ ប្រភពរបស់វីតាមីន C គឺពពួកផ្លែក្រូច និងទំពាំងបាយជូរ។ លើសពីនេះ បន្លែ និងផ្លែឈើ ផ្សេងទៀតដូចជា ម្ទេសប្លោក ប៉េងប៉ោះ និងស្រ្តបឺរី សុទ្ធតែមានផ្ទុកវីតាមីន C។ ២.វីតាមីន E៖ វីតាមីន E ជាសារធាតុប្រឆាំងអុកស៊ីតកម្មសំខាន់មួយដែរ ក្នុងការជួយឱ្យកោសិកាភ្នែកមានសុខភាពល្អ។ វីតាមីននេះ មាននៅក្នុងផ្លែប័រ គ្រាប់អាល់ម៉ុន និងគ្រាប់ផ្កាឈូករ័ត្នន៍។

ក្រៅពីនេះ បន្លែស្លឹកបៃតងដូចជា ស្ពៃពួយឡេង ខាត់ណាខៀវ ពពួកសណ្ដែក ស៊ុត សាច់មាន់ សាច់ក្រហម និងអ៊យស្ទ័រ ក៏ជាប្រភពនៃសារធាតុចិញ្ចឹមសំខាន់ៗរបស់ភ្នែកដូចគ្នា។ ៣.វីតាមីនA៖ វីតាមីនA ក៏ជាសារធាតុចិញ្ចឹមល្អចំពោះសុខភាពភ្នែកដែរ។ ស្រទាប់រ៉េទីនរបស់ភ្នែកត្រូវការវីតាមីន A ច្រើន ដើម្បីជួយបំប្លែងកាំរស្មីពន្លឺទៅជារូបភាពដែលយើងបានឃើញ។ ដូចនេះ បើគ្មានវីតាមីន A ភ្នែករបស់យើងនឹងមិនអាចរក្សាសំណើមគ្រប់គ្រាន់ អាចការពារភ្នែកស្ងួតបានទេ។ប្រភពនៃវីតាមីន A មានដូចជា ការ៉ុត ដំឡូងជ្វា។ល៕ ដកស្រង់ពី៖ ហេទ្បូគ្រូពេទ្យ




