
ខេត្តសៀមរាប៖ មន្ទីរពេទ្យអន្តរជាតិមិត្តភាពអង្គរជប៉ុន ស្ថិតនៅក្រុងសៀមរាប នឹងចាប់ផ្តើមទទួលពិនិត្យវាស់កម្រិតនៃការមើលឃើញ និងជំងឺទឹកដក់ក្នុងភ្នែក ជូនសាធារណជនរយៈពេល៩ថ្ងៃ ដោយរាប់ចាប់ពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤តទៅ។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប...។

សេចក្តីជូនដំណឹងដដែលបង្ហាញថា រដ្ឋបាលខេត្តសៀមរាប សហការជាមួយមន្ទីរពេទ្យអន្តរជាតិមិត្តភាពអង្គរជប៉ុន នឹងរៀបចំពិនិត្យវាស់កម្រិតនៃការមើលឃើញ និងជំងឺទឹកដក់ក្នុងភ្នែកជូនមន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ដោយឥតគិតថ្លៃចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤។ សម្រាប់ម៉ោងដែលក្រុមគ្រូពេទ្យចាប់ផ្តើមធ្វើការ គឺម៉ោង៨:៣០នាទីព្រឹករហូតដល់ម៉ោង៤:៣០នាទីល្ងាច ក្នុងបរិវេណមន្ទីរពេទ្យអន្តរជាតិមិត្តភាពអង្គរ-ជប៉ុន ស្ថិតក្នុងភូមិចន្លោង សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប។

រដ្ឋបាលខេត្តបន្ថែមថា អាស្រ័យដូចជម្រាបជូនខាងលើ សូមព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដូន និងតា លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ ដែលមានបញ្ហាដូចបានរៀបរាប់ សូមនិមន្ត និងអញ្ជើញទៅពិនិត្យវាស់កម្រិតនៃការមើលឃើញ និងជំងឺទឹកដក់ក្នុងភ្នែក តាមកាលបរិច្ឆេទ និងទីតាំងដែលបានបញ្ជាក់...៕




