
រដ្ឋធានីណៃពិដោ៖ ដើម្បីស្តារសេដ្ឋកិច្ច និងស្ថិរភាពជាតិឡើងវិញ ប្រធានាធិបតី និងជាមេដឹកនាំរបបយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង (Min Aung Hlaing) បានដាក់ចេញគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមមាន៖ ការរៀបចំផ្លូវល្បឿនលឿនជាមួយឥណ្ឌា-មីយ៉ាន់ម៉ា-ថៃ, ខ្សែរថភ្លើងតភ្ជាប់ទៅកាន់ព្រំដែនចិន, គម្រោងថាមពលអគ្គិសនី, វារីអគ្គិសនី, រួមទាំងរោងចក្រថាមពលបរមាណូផងដែរ។

លោក ប្រកាសផែនការកសាងជាតិជាចំហនេះ នៅក្នុងកិច្ចប្រជុំរដ្ឋសភា កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦។ បន្ថែមពីនេះ លោក បានប្រកាសពីការបង្កើនថវិកាជាតិរហូតដល់១៥ភាគរយ សម្រាប់វិស័យអប់រំ។ ប្រធានាធិបតីរូបនេះ បង្ហាញការតាំងចិត្តថា លោកនឹងប្រើប្រាស់ពេល២ឆ្នាំ ដើម្បីបង្កើតកម្លាំងចលករក្នុងការកសាងជាតិសាជាថ្មី និង៣ឆ្នាំបន្ថែមទៀត ដើម្បីអនុវត្តផែនការនេះឱ្យបានពេញលេញ។

ក្រៅពីនេះ លោក មីន អ៊ុងឡាំង បានលើកឡើងពីផែនការរៀបចំការបោះឆ្នោតបន្ថែម ក្នុងមណ្ឌលចំនួន១៧២ នៅឆ្នាំ២០២៧ខាងមុខ ព្រមទាំងប្តេជ្ញាពង្រឹងសមត្ថភាពកងទ័ព ប៉ូលិស និងបន្តអនុវត្តច្បាប់កាតព្វកិច្ចយោធា ទោះបីជាមានរបាយការណ៍ថា ច្បាប់នេះជាដើមហេតុធ្វើឱ្យយុវជនជាច្រើនចាកចេញពីប្រទេសក៏ដោយ។ នៅមានរឿងផ្សេងទៀត ដែលលោកបានប្រាប់ដល់កិច្ចប្រជុំរដ្ឋសភា នោះគឺការបង្ក្រាបបទល្មើសធំៗ ដូចជា លាងលុយកខ្វក់ រត់ពន្ធអាវុធ គ្រឿងញៀន និងមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធអនឡាញ។

ក្រៅពីនេះ លោកប្រធានាធិបតី បានឆ្លៀតរិះគន់យ៉ាងខ្លាំងលើកិច្ចព្រមព្រៀង៥ចំណុច ដែលអាស៊ានបង្កើតនាពេលកន្លងមក ដើម្បីអនុវត្តនៅមីយ៉ាន់ម៉ា។ លោកចោទប្រកាន់ប្លុកនេះថា បានរើសអើងមកលើមីយ៉ាន់ម៉ា។ លោក ថ្លែងថា មីយ៉ាន់ម៉ា អត់ធ្មត់ជាយូរមកហើយ ហើយនឹងឆ្លើយតបវិញ ចំពោះសកម្មភាពទាំងឡាយណាដែលគ្មានលក្ខណៈស្ថាបនា៕




