
រាជធានីភ្នំពេញ៖ ត្រឹមរយៈពេល៦ខែឆ្នាំនេះ អាជ្ញាធរកម្ពុជា ទទួលបានពាក្យសុំរៀបអាពាហ៍ពិពាហ៍រវាងពលរដ្ឋខ្មែរ និងជនបរទេសជាង១ពាន់នាក់។ នេះបើផ្អែកតាមទិន្នន័យចេញផ្សាយដោយក្រសួងមហាផ្ទៃ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦...។

តាមរបាយការណ៍ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា មន្ត្រីជំនាញបានបន្តអនុវត្តតួនាទីក្នុងការបង្ការ និងទប់ស្កាត់អំពើជួញដូរមនុស្ស ក្រោមរូបភាពរៀបអាពាហ៍ពិពាហ៍រវាងពលរដ្ឋខ្មែរ និងជនបរទេស។ ជាក់ស្តែង ក្នុងរយៈ៦ខែ មន្ត្រីជំនាញបានសម្ភាសជនបរទេសសរុប១១៥៤នាក់ ក្នុងនោះស្ត្រី៥២នាក់ មកពី៣៦សញ្ជាតិ បានដាក់ពាក្យសុំចុះបញ្ជីរៀបអាពាហ៍ពិពាហ៍ជាមួយពលរដ្ឋខ្មែរ។ ជាមួយគ្នា នាយកដ្ឋានក៏បានវាយតម្លៃ និងបញ្ជូនសំណុំរឿងទៅក្រុមការងារច្រកចេញ-ចូលតែមួយ ចំនួន១១៦៩នាក់ ក្នុងនោះស្ត្រី៤៣នាក់។ តាមអនុក្រឹត្យស្តីពីការកំណត់បែបបទ និងនីតិវិធីនៃការរៀបអាពាហ៍ពិពាហ៍រវាងពលរដ្ឋខ្មែរ និងជនបរទេស គឺជនបរទេសដែលមានបំណងរៀបអាពាហ៍ពិពាហ៍ជាមួយពលរដ្ឋខ្មែរ ត្រូវមានវត្តមានផ្ទាល់នៅកម្ពុជា និងបំពេញឯកសារចាំបាច់ រួមមាន៖ លិខិតឆ្លងដែនមានទិដ្ឋាការសុពលភាព លិខិតបញ្ជាក់ស្ថានភាពគ្រួសារ លិខិតថ្កោលទោស លិខិតបញ្ជាក់មុខរបរ និងលិខិតបញ្ជាក់សុខភាព។

សំណុំឯកសារនឹងត្រូវពិនិត្យដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងក្រសួងមហាផ្ទៃ ក្នុងរយៈពេលមិនលើសពី៥ថ្ងៃធ្វើការ។ បន្ទាប់ពីការពិនិត្យរួច ភាគីទាំងពីរ ត្រូវដាក់ពាក្យសុំចុះបញ្ជីអាពាហ៍ពិពាហ៍នៅសាលាឃុំ-សង្កាត់ នៃលំនៅដ្ឋានអចិន្ត្រៃយ៍របស់ភាគីខ្មែរ។ មន្ត្រីអត្រានុកូលដ្ឋាន នឹងរៀបចំបិទប្រកាសអាពាហ៍ពិពាហ៍ជាសាធារណៈរយៈពេល១០ថ្ងៃ មុននឹងអនុញ្ញាតឱ្យចុះបញ្ជីអាពាហ៍ពិពាហ៍ ប្រសិនបើមិនមានការជំទាស់តាមផ្លូវច្បាប់។ ជាការកត់សម្គាល់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក៏ធ្លាប់បានជំរុញឱ្យមន្ត្រីជំនាញគ្រប់ស្ថាប័ន បន្តពង្រឹងការបង្ការ, ទប់ស្កាត់អំពើជួញដូរមនុស្សក្រោមរូបភាពរៀបអាពាហ៍ពិពាហ៍ខុសច្បាប់ ដើម្បីការពារសុវត្ថិភាព និងសិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរ៕




