
រដ្ឋធានីព្យុងយ៉ាង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង (KCNA) នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ បានចេញមុខរិះគន់យ៉ាងចាស់ដៃចំពោះការបង្កើនកម្លាំងយោធារបស់សហរដ្ឋអាម៉េរិកនៅប្រទេសជប៉ុន ដោយបានព្រមានថា សង្គ្រាមនៅឧបទ្វីបកូរ៉េ «លែងជាការស្មានទៀតហើយ ប៉ុន្តែវាជាការទន្ទឹងរង់ចាំថា នឹងផ្ទុះឡើងនៅពេលណាប៉ុណ្ណោះ»។

ការចេញមុខព្រមានធ្ងន់ៗនេះ បានធ្វើឡើងបន្ទាប់ពីលោកឧត្តមសេនីយ៍ឯក ស្តេហ្វេន ចូស (Stephen Jost) មេបញ្ជាការកងទ័ពអាម៉េរិកប្រចាំនៅជប៉ុន បានប្រាប់សារព័ត៌មានជប៉ុនថា អាម៉េរិកបានបន្ថែមបុគ្គលិកយោធាចំនួន២១៥នាក់បន្ថែមទៀត នៅទីបញ្ជាការដ្ឋានរបស់ខ្លួនក្នុងប្រទេសជប៉ុន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយប្រទេសជាសម្ព័ន្ធមិត្ត។ កូរ៉េខាងជើងបានចោទប្រកាន់ថា ការពង្រីកកម្លាំងនេះ គឺជារៀបចំផែនការដើម្បីរុញច្រាន «កងកម្លាំងស្វ័យការពារជប៉ុន» ឱ្យចូលរួមក្នុងសង្គ្រាមនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយកងទ័ពអាម៉េរិកនៅជប៉ុនទាំងនេះ នឹងក្លាយជាកងទ័ពជួរមុខគេដែលត្រូវបញ្ជូនទៅកាន់ឧបទ្វីបកូរ៉េ ប្រសិនបើមានសង្គ្រាមផ្ទុះឡើងមែននោះ។

រដ្ឋធានីព្យុងយ៉ាង បានបញ្ជាក់បន្ថែមថា កិច្ចសហប្រតិបត្តិការយោធារវាងអាម៉េរិក ជប៉ុន និងកូរ៉េខាងត្បូង គឺជាអំពើឈ្លានពានដែលបង្កឱ្យមានតានតឹងខ្លាំងនៅក្នុងតំបន់ ហើយសកម្មភាពទាំងអស់នេះហើយដែលជាមូលហេតុធ្វើឱ្យកូរ៉េខាងជើង មានសិទ្ធិស្របច្បាប់ក្នុងការបន្តអភិវឌ្ឍអាវុធនុយក្លេអ៊ែររបស់ខ្លួន ដើម្បីការពារជាតិ និងទប់ស្កាត់ការវាយប្រហារពីសត្រូវ៕





