
រាជធានីបាងកក៖ ស្របពេលសហគមន៍អន្តរជាតិ ចាប់ផ្តើមលាតត្រដាងការពិតអំពីភាពអយុត្តិធម៌ និងការរំលោភបំពានរបស់ភាគីថៃ លើប្រទេសកម្ពុជា ស្រាប់តែរាជធានីបាងកក បង្ហាញអាការភ័យស្លន់ស្លោ។ ជាក់ស្តែង ក្រោយអ្នករាយការណ៍ពិសេស អ.ស.ប បង្ហាញពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ដែលបានបកអាក្រាតស្បែកមុខពិតរបស់ប្រទេសថៃ ស្រាប់តែរដ្ឋមន្ត្រីការបរទេស លោក សីហសក្តិ ភួងកេតកែវ ប្រកាសថា នឹងដាក់លិខិតតវ៉ាជាផ្លូវការទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UNHRC) និងការិយាល័យស្នងការជាន់ខ្ពស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ពាក់ព័ន្ធនឹងរបាយការណ៍នោះ។ នេះបើតាមការចុះផ្សាយដោយកាសែតថៃ នៅថ្ងៃទី៣ ខែសីហា។

ថ្មីៗនេះ លោក ថម អាន់ឌ្រូ (Tom Andrews) អ្នករាយការណ៍ពិសេស អ.ស.ប ស្តីពីសិទ្ធិមនុស្សប្រចាំកម្ពុជា បានបញ្ជាក់ថា បន្ទាប់ពីយោធាថៃ បើកការឈ្លានពាន និងកាន់កាប់ទឹកដីប្រទេសកម្ពុជាដោយខុសច្បាប់ មានពលរដ្ឋកម្ពុជាជាង៦៥ម៉ឺននាក់ ត្រូវបង្ខំចិត្តភៀសខ្លួន ហើយក្នុងនោះមានជាង២ម៉ឺននាក់ នៅមិនទាន់អាចត្រលប់ទៅផ្ទះសម្បែងវិញបាន ដ្បិតយោធាថៃឈ្លានពាន បានលុកលុយទន្ទ្រានចូលកាន់កាប់ផ្ទះសម្បែង និងភូមិកររបស់ពលរដ្ឋកម្ពុជា យ៉ាងគឃ្លើនបំផុត។ លោក អាន់ឌ្រូ បានកត់សម្គាល់ថា ជនភៀសសឹកកម្ពុជា មានសិទ្ធិត្រលប់ទៅផ្ទះរបស់ពួកគេវិញ ដោយសុវត្ថិភាព ព្រោះថា កិច្ចព្រមព្រៀងបទឈប់បាញ់ កាលពីថ្ងៃទី២៧ធ្នូ ឆ្នាំ២០២៥ រវាងកម្ពុជា និងថៃ បានចែងច្បាស់ថា ប្រជាពលរដ្ឋស៊ីវិលត្រូវអនុញ្ញាតឱ្យត្រលប់ទៅផ្ទះសម្បែង និងអាចប្រកបរបរចិញ្ចឹមជីវិតឡើងវិញ ដោយគ្មានការរារាំង។

ក្រោយខ្មាសគេយ៉ាងអាម៉ាសលើឆាកអន្តរជាតិ ពេលនេះ រាជរដ្ឋាភិបាលថៃ ប្រកែកទាំងទទឹងទិសថា របាយការណ៍របស់ លោក ថម អាន់ឌ្រូ មិនទាន់បានផ្ទៀងផ្ទាត់ និងមិនត្រឹមត្រូវ ពិសេសចំពោះការអះអាងអំពីជនជាតិកម្ពុជាចំនួន៦៥០០០០នាក់ បានផ្លាស់ទីលំនៅ និងការបណ្តេញចេញដោយបង្ខំ ចំពោះពលករចំណាកស្រុកកម្ពុជា។ រដ្ឋមន្ត្រីការបរទេសថៃ លោក សីហសក្តិ ភួងកេតកែវ បានបញ្ជាក់ទាំងងងើលថា លិខិតផ្លូវការនឹងត្រូវបញ្ជូនទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិវ ជុំវិញរបាយការណ៍ព្រំដែនដែលមិនទាន់បានផ្ទៀងផ្ទាត់ មានផ្ទុកទិន្នន័យមិនត្រឹមត្រូវ និងខ្វះភាពអព្យាក្រិតភាព។ លើសពីនេះ លោក សីហសក្តិ បានរលាស់អណ្តាតខ្លាំងៗថា៖«របាយការណ៍នេះ មិនទាន់បានឆ្លងកាត់ដំណើរការពិនិត្យផ្លូវការរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ ជាកន្លែងដែលរដ្ឋសមាជិក រួមទាំងប្រទេសថៃ នឹងមានឱកាសជជែកដេញដោល លើកឡើងពីការសង្កេត និងប្រកួតប្រជែងលើចំណុចជាក់លាក់ណាមួយនោះឡើយ»។

ការដែលអាជ្ញាធរថៃ ប្រកាសថា មិនបានបណ្តេញពលករចំណាកស្រុកកម្ពុជាចេញដោយបង្ខំ គឺជាការកុហកដើម្បីលាងជម្រះភាពអមនុស្សធម៌របស់ខ្លួន។ ពលករខ្មែររាប់ម៉ឺននាក់ ត្រូវប្រឈមមុខនឹងការគំរាមកំហែង និងការបណ្តេញចេញទាំងបំពាន ដោយគ្មានការគោរពសិទ្ធិការងារ ឬសេចក្តីថ្លៃថ្នូរឡើយ។ តាំងពីដើមមក ថៃព្យាយាមទម្លាក់កំហុសមកលើរាជរដ្ឋាភិបាលកម្ពុជា និងប្រើល្បិចរាប់សិបជំពូកទម្លាក់កំហុសលើកម្ពុជា និងបំភ្លៃការពិតនៅលើឆាកអន្តរជាតិ។ ទោះបីជាយ៉ាងណាក៏ដោយ សហគមន៍អន្តរជាតិបានមើលឃើញយ៉ាងច្បាស់នូវចរិតពិតរបស់រដ្ឋាភិបាលរាជធានីបាងកក ដែលតែងតែអនុវត្តគោលនយោបាយឈ្លានពានកម្ពុជា យ៉ាងសាហាវឃោរឃៅ និងអមនុស្សធម៌បំផុត៕



