៥ខែ មន្រ្តីស៊ីម៉ាក់ បោសសម្អាតផ្ទៃដីមីនជាង៥៦លានម៉ែត្រការ៉េ និងកម្ទេចមីនជាង១,៧ម៉ឺនគ្រាប់
S
Soriya Sou
មួយឆ្នាំមុន

ភ្នំពេញ៖ រយៈពេល៥ខែ ឆ្នាំ២០២៥នេះ មន្រ្តីនៃអង្គភាពមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានបោសសម្អាតផ្ទៃដីចម្ការមីន និងចម្ការគ្រាប់ បានចំនួនជាង៥៦លានម៉ែត្រការ៉េ។ នេះបើតាមរបាយការណ៍ដែលបង្ហាញដោយលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពមីនកម្ពុជា កាលពីថ្ងៃទី២មិថុនា ឆ្នាំ២០២៥…។

រូពភាពពី មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា
រូពភាពពី មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រតិបត្តិការប្រចាំខែឧសភា ឆ្នាំ២០២៥ និងលើកទិសដៅបន្ត នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥នេះ លោក ហេង រតនា បានលើកឡើងថា ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៥ មន្រ្តីស៊ីម៉ាក់បានបោសសម្អាតផ្ទៃដីចម្ការមីន និងចម្ការគ្រាប់បានជាង៥៦លានម៉ែត្រការ៉េ ដោយបានរុករកឃើញ និងកម្ទេចចោលគ្រាប់មីន គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទជាង១,៧ម៉ឺនគ្រាប់ និងឆ្លើយតបតាមសំណើសុំអន្ដរាគមន៍បន្ទាន់ចំនួន១៥៧៣ករណី។ ជាងនេះទៀត មន្រ្តីជំនាញក៏បានផ្ដល់ការអប់រំយល់ដឹងពីមីនដល់ប្រជាពលរដ្ឋបានចំនួនជិត៨សែននាក់ផងដែរ ក្នុងរយៈពេល៥ខែនេះ។

លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពមីនកម្ពុជា 
លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពមីនកម្ពុជា 

អគ្គនាយកស៊ីម៉ាក់រូបនេះ ក៏បានបង្ហាញពីលទ្ធផលការងារកិច្ចប្រតិបត្តិការអន្តរជាតិ ដែលស៊ីម៉ាក់បានពង្រឹងភាពជាដៃគូគ្រប់ជ្រុងជ្រោយបន្ថែមទៀត ជាមួយភ្នាក់ងារផ្ដល់ជំនួយ និងដៃគូអភិវឌ្ឍន៍ ដោយបានចាត់តាំងថ្នាក់ដឹកនាំមួយចំនួនទៅចូលរួមក្នុងកិច្ចប្រជុំនានា នៅបណ្ដាប្រទេសមួយចំនួន ដូចជា ជប៉ុន ស៊ែប៊ី កូឡុំប៊ី និងស្វ៊ីស ពាក់ព័ន្ធនឹងវិស័យសកម្មភាពមីន។ លោកសង្កត់ធ្ងន់ថា ដើម្បីឱ្យអង្គភាពស៊ីម៉ាក់ដំណើរការទៅមុខដោយរលូន និងកាន់តែមានសមត្ថភាពខ្លាំង ស៊ីម៉ាក់ត្រូវការធនធានមនុស្ស ដែលមានសមត្ថភាពជាអ្នកបន្តវេន ខណៈបច្ចុប្បន្ននេះមន្រ្តីស៊ីម៉ាក់ជាង១ពាន់នាក់ បានដល់អាយុចូលនិវត្តន៍។ ដូច្នេះ ការជំរុញឱ្យមានការបណ្ដុះបណ្ដាលធនធានមនុស្សថ្មីៗបន្ថែម ទាំងចំណេះដឹង ចំណេះធ្វើ និងបច្ចេកទេស និងឱ្យចូលបម្រើការជាមួយមន្រ្តីចាស់ៗ ដែលមានបទពិសោធច្រើន ទើបក្លាយជាអ្នកបន្តវេនដែលខ្លាំង និងអាចប្រកួតប្រជែងជាមួយបណ្ដាប្រទេសផ្សេងៗបាន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត