
ក្រុងព្រះវិហារ៖ មន្រ្តីជំនាញនៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ បាននិងកំពុងបោសសម្អាតគ្រាប់១៥៥មិល្លីម៉ែត្រ ដែលយោធាថៃបានបាញ់ផ្លោងចូលទឹកដីកម្ពុជា តែមិនផ្ទុះនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្នុងអំឡុងពេលសង្រ្គាមឈ្លានពានរយៈពេល២១ថ្ងៃ ចាប់ពីថ្ងៃទី៧-២៧ធ្នូ ឆ្នាំ២០២៥…។

សង្រ្គាមឈ្លានពានរបស់ថៃលើដែនអធិបតេយ្យកម្ពុជា ថៃបានប្រើអាវុធធន់ធ្ងន់ជាច្រើន បូករួមទាំងគ្រាប់បែកច្រើនប្រភេទ បាញ់ស្រោច និងទម្លាក់មកលើទីតាំងយោធា និងតំបន់ជនស៊ីវិលកម្ពុជាជាច្រើនទីតាំង ដែលនៅជាប់តំបន់ព្រំដែន។ អង្គភាពស៊ីម៉ាក់ បានឱ្យដឹងនៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះថា ក្រោយសង្រ្គាមឈ្លានពានរបស់យោធាថៃ គ្រាប់ខ្លះមិនទាន់ផ្ទុះ បាននៅរាយប៉ាយលើដី ខ្លះទៀតបានលិចជ្រៅទៅក្នុងដី។ ប៉ុន្តែយ៉ាងណាក៏ដោយ ដើម្បីសុខសុវត្ថិភាពប្រជាពលរដ្ឋ ទោះបីជាគ្រាប់ទាំងនោះស្ថិតនៅលើដី លិចរាក់ ឬជ្រៅក្នុងដី ក្នុងទឹកក៏ដោយ កម្លាំងជំនាញស៊ីម៉ាក់ត្រូវតែបោសសម្អាតកម្ទេចឃាតកលាក់មុខនេះចោលទាំងអស់។

ក្រៅពីខេត្តព្រះវិហារ ខេត្តរងផលប៉ះពាល់ដោយសារស្នាដៃយោធាថៃផ្សេងទៀត ដូចជា៖ ខេត្តពោធិ៍សាត់, បាត់ដំបង, បន្ទាយមានជ័យ និងឧត្តរមានជ័យជាដើម កម្លាំងជំនាញស៊ីម៉ាក់ នៅតែបន្តបោសសម្អាតសំណល់យុទ្ធភណ្ឌសង្គ្រាមដូចគ្នា នៅតាមទីតាំងមួយចំនួន បូករួមទាំងនៅតាមសាលារៀនផងដែរ។ កិច្ចប្រតិបត្តិការរបស់មន្រ្តីជំនាញខាងលើ អនុវត្តយ៉ាងម៉ឺងម៉ាត់ស្របតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ដើម្បីធានាសុខសុវត្ថិភាពប្រជាពលរដ្ឋ សិស្សានុសិស្ស និងលោកគ្រូ-អ្នកគ្រូ ដែលស្ថិតនៅតាមតំបន់រងផលប៉ះពាល់ទាំងឡាយ ដើម្បីឱ្យពួកគេឆាប់បានវិលត្រឡប់ទៅលំនៅឋាន និងអាចចូលរៀនវិញបាន ដោយមានសុវត្ថិភាព៕






