
ក្រុងបាត់ដំបង៖ កម្ពុជា-ជប៉ុន កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ បានប្រកាសបើកគម្រោង«សមាហរណកម្មបោសសម្អាតមីន និងជួយសង្គ្រោះជនពិការ ដំណាក់កាលទី៣» ក្រោមហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ប្រមាណ១១លានដុល្លារអាម៉េរិក បន្ទាប់ពីដំណាក់កាលទី២បានបិទបញ្ចប់...។

គម្រោងថ្មីដំណាក់កាលទី៣នេះ នឹងគាំទ្រអង្គភាពស៊ីម៉ាក់ លើគោលដៅបោសសម្អាតផ្ទៃដីចម្ការមីន នៅភូមិសាស្ត្រខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តកោះកុង ព្រមទាំងឆ្លើយតបសំណើសុំអន្ដរាគមន៍បន្ទាន់ក្នុងខេត្តប៉ៃលិន សម្រាប់រយៈពេល២៤ខែ។ ក្នុងនោះរួមបញ្ចូលទាំងការជួយសង្គ្រោះជនរងគ្រោះដោយសារមីន, ការអភិវឌ្ឍសហគមន៍ក្រោយបោសសម្អាតមីន, ទិញម៉ាស៊ីនរាវមីន ALIS និងកសាងប្រព័ន្ធទិន្នន័យបញ្ញាសិប្បនិមិ្មត(AI)។ អញ្ជើញជាអធិបតីក្នុងពិធីផ្ទេរ-ប្រគល់ សមិទ្ធផលនៃគម្រោងដំណាក់កាលទី២ និងការបើកគម្រោងដំណាក់កាលទី៣ នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ស៊ីម៉ាក់ «មរតកតេជោ»នៅខេត្តបាត់ដំបង លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជន និងរដ្ឋាភិបាលជប៉ុន សម្រាប់គាំទ្រគម្រោងសមាហរណកម្មការបោសសម្អាតមីន និងជួយសង្គ្រោះជនពិការដោយសារមីន។

លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ផងដែរថា ក្នុងនាមជាប្រទេសដែលរងគ្រោះពីបញ្ហាគ្រាប់មីនធ្ងន់ធ្ងរបំផុតមួយក្នុងពិភពលោក និងជារដ្ឋភាគីនៃអនុសញ្ញាមីនអន្តរជាតិអូតាវ៉ា កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការបំពេញតាមគ្រប់កាតព្វកិច្ច និងស្មារតីនៃអនុសញ្ញាអន្តរជាតិនេះ។ ក្នុងន័យនេះ លោកឧបនាយករដ្ឋមន្ត្រី ថ្លែងថា កម្ពុជាក៏មានមានទនភាព ដែលបានបញ្ជូនកងកម្លាំងបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ចូលរួមបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ (UN)។ ថ្លែងក្នុងពិធី ឯកអគ្គរាជទូតជប៉ុនលោក អ៊ូអិណុ អាត់ស៊ូស៊ី ប្រកាសថា ជប៉ុននឹងបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការសម្រេចបាននូវ «សង្គមគ្មានមីន» នៅកម្ពុជា និងបង្កើតបរិយាកាសមួយដែលប្រជាជនអាចរស់នៅប្រកបដោយសុវត្ថិភាព និងស្ងប់សុខ។

សូមរំឭកថា ក្នុងគម្រោងសមាហរណកម្មការបោសសម្អាតមីន និងជួយសង្គ្រោះជនពិការដោយសារមីនដំណាក់កាលទី២ រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយហិរញប្បទានឥតសំណងជិត១៧លានដុល្លារអាម៉េរិក សម្រាប់អនុវត្តគម្រោងនៅខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងខេត្តប៉ៃលិន ដោយសម្រេចបានសមិទ្ធផលជាច្រើន។ អគ្គនាយកស៊ីម៉ាក់ លោក ហេង រតនា ថ្លែងថា សមិទ្ធផលដែលសម្រេចបានក្នុងគម្រោងដំណាក់កាលទី២នោះរួមមាន៖ បោសសម្អាតផ្ទៃដីចម្ការមីន១២៧ភាគរយធៀបនឹងផែនការ, រុករកឃើញ និងកម្ទេចចោលគ្រាប់មីន គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទជាង២ម៉ឺនគ្រាប់, ផ្ដល់សារអប់រំយល់ដឹងពីមីនដល់ប្រជាពលរដ្ឋ, សាងសង់ផ្លូវ, សំណង់រំដោះទឹកគ្រប់ប្រភេទ, ទិញសម្ភារបោសសម្អាតមីន និងគ្រឿបន្លាស់គ្រឿងចក្រ, ជាមួយគ្នាក៏សម្អាតផ្ទៃដីបានជាង ២ពាន់គីឡូម៉ែត្រក្រឡាសម្រាប់ប្រជាជនធ្វើស្រែចំការដើម្បីចិញ្ចឹមជីវិត៕











