
រាជធានីភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ (CMAC) បានសំណូមពរដល់រដ្ឋាភិបាលជប៉ុន តាមរយៈ អង្គការ JICA ដើម្បីបន្ដជួយគាំទ្រដល់វិស័យបោសសម្អាតមីននៅកម្ពុជារយៈពេល៥ឆ្នាំទៀត ពោលគឺដល់ឆ្នាំ២០៣០។ មេស៊ីម៉ាក់ ស្នើសុំបែបនេះ ក្នុងជំនួបពិភាក្សាការងារជាមួយលោក តាណាកា អាគិហិកុ ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) កាលពីថ្ងៃអាទិត្យទី១២ ខែតុលា ឆ្នាំ២០២៥…។

លោកអគ្គនាយកស៊ីម៉ាក់ គូសបញ្ជាក់ថា សមិទ្ធផលដែលអង្គភាពស៊ីម៉ាក់ សម្រេចបានក្នុងរយៈពេលជាង២៧ឆ្នាំមក អង្គការ JICA បានផ្ដល់ជូនគ្រឿងចក្រកម្ទេចមីនធុនធ្ងន់មានចំនួនជាង៥០គ្រឿង និងសម្ភារបច្ចេកទេសបោសសម្អាតមីនជាច្រើនប្រភេទ។ លោកបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ជាពិសេស មន្ត្រីថ្នាក់ដឹកនាំ JICA ដែលតែងតែផ្ដល់ការគាំទ្រ និងជំនួយដល់វិស័យសកម្មភាពកម្ចាត់មីនរបស់អង្គភាព CMAC ជាពិសេសការផ្ដល់ជំនួយគាំទ្រការកសាងអគារហ្វឹកហ្វឺននៅខេត្តកំពង់ឆ្នាំង និងសារមន្ទីរតេជោសន្ដិភាពនៅខេត្តសៀមរាប សម្រាប់ដាក់បង្ហាញរូបភាពប្រវត្តិសាស្ត្រសង្គ្រាម ប្រវត្តិជនរងគ្រោះដោយសារសង្គ្រាម ព្រមទាំងសំណល់គ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌសង្គ្រាម ដើម្បីរំលឹកការចងចាំនៃមរតកសង្គ្រាម និងតម្លៃមហាសាលនៃសន្តិភាព។

ប្រធាន JICA បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គភាពស៊ីម៉ាក់ ជាអង្គភាពមួយឈានមុខគេលើការងារបោសសម្អាតមីន នៅកម្ពុជា និងបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងដំណើរការកសាងសន្ដិភាពតាមរយៈការចែករំលែកបទពិសោធ និងជំនាញបច្ចេកទេសដល់បណ្ដាលប្រទេស រងគ្រោះដោយសារសង្គ្រាមនៅជុំវិញពិភពលោក។ លោកក៏បានកោតសរសើរចំពោះគំនិតផ្តួចផ្តើម ក្នុងការបង្កើតសារមន្ទីរតេជោសន្តិភាពដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន សម្រាប់អប់រំដល់អ្នកជំនាន់ក្រោយពីបញ្ហាសង្រ្គាម និងការកសាងសន្តិភាពតាមរយៈការបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្រ្គាម។ ជាមួយគ្នា ប្រធាន JICA បានប្ដេជ្ញាចិត្តក្នុងការបន្តគាំទ្រសហការជាមួយអង្គភាព CMAC ក្នុងការស្រាវជ្រាវ និងប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដើម្បីបោសសម្អាតនៅតំបន់ដែលរងប៉ះពាល់ដោយសារគ្រាប់មីន និងសំណល់យុទ្ធភណ្ឌ ដើម្បីផ្តល់សុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជា៕





