អុីរ៉ង់បញ្ជាក់ច្បាស់ៗ ច្រកសមុទ្ទហ័រមូស្ស នឹងមិនត្រឡប់ទៅរកស្ថានភាពដើមមុនសង្គ្រាមឡើយ
N
Nary Vann
15 ម៉ោងមុន

រដ្ឋធានីតេហេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអុីរ៉ង់ លោក អាបាស​ អារ៉ាក់ឈី (Abbas Araghchi) បានប្រកាសកាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ ថា ការចរចារវាងប្រទេសអុីរ៉ង់ និងអូម៉ង់ លើការរៀបចំច្រកសមុទ្ទហ័រមូស្ស កំពុងឈានចូលដល់ដំណាក់កាលចុងក្រោយហើយ ដោយរដ្ឋធានីតេហេរ៉ង់បានបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ថា ផ្លូវទឹកដ៏សំខាន់មួយនេះ នឹងមិនត្រឡប់ទៅរកស្ថានភាពដើមដូចមុនពេលផ្ទុះសង្គ្រាមវិញឡើយ

លោក អាបាស​ អារ៉ាក់ឈី
លោក អាបាស​ អារ៉ាក់ឈី

អ្នកនាំពាក្យក្រសួងការបរទេសអុីរ៉ង់ លោក អ៊ីស្ម៉ាអែល បាហ្គេអ៊ី (Esmail Baghaei) បានឱ្យដឹងថា ប្រទេសទាំងពីរ ជិតឈានដល់ការព្រមព្រៀងគ្នាស្តីពី«ផ្លូវនាវាចរណ៍ថ្មី» ឆ្លងកាត់ច្រកសមុទ្ទនេះ ដែលជាផ្លូវទឹកដាច់ដោយឡែកពីច្រករបៀងចាស់ ដោយគោរពតាមសិទ្ធិអធិបតេយ្យភាព និងការពារផលប្រយោជន៍សន្តិសុខជាតិរបស់ភាគីទាំងសងខាង។ លោកបន្ថែមថា ការយល់ព្រមលើផ្លូវថ្មីនេះ គឺមិនពាក់ព័ន្ធនឹងការបើក ឬបិទច្រកសមុទ្ទហ័រមូស្សនោះទេ ដោយបានទម្លាក់កំហុសលើសហរដ្ឋអាម៉េរិកថា ជាអ្នកបង្កឱ្យមានការបិទច្រកទឹកនេះ តាមរយៈការបំពានកិច្ចព្រមព្រៀង និងការបិទខ្ទប់ផ្លូវទឹក។

ជាមួយគ្នា លោកប្រធានាធិបតីអុីរ៉ង់ ម៉ាស៊ូដ ភើហ្សេសគៀន (Masoud Pezeshkian) បានបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងអុីរ៉ង់ និងសហរដ្ឋអាម៉េរិក នឹងក្លាយជា«គ្រឹះដ៏សំខាន់»សម្រាប់ទំនាក់ទំនងការបរទេសរបស់រដ្ឋធានីតេហេរ៉ង់ នាពេលអនាគត ហើយអុីរ៉ង់នឹងប្រឹងប្រែងឱ្យប្រាកដថា ភាគីបដិបក្ខគោរពតាមអ្វីដែលបានចុះហត្ថលេខា ដើម្បីធានាសន្តិសុខក្នុងតំបន់ និងប្រទេសជាសម្ព័ន្ធមិត្ត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត