ដ្រូនអ៊ុយក្រែនធ្លាក់ផ្ទុះនៅឆ្នេរសមុទ្ទរុស្ស៊ី ស.ម្លា.ប់មនុស្ស៧នាក់ និងរបួស៤០នាក់
ហៀប ស៊ីថេត
04 សីហា 2026 01:00 PM

រដ្ឋធានីមូស្គូ៖ ដ្រូនអ៊ុយក្រែនមួយគ្រឿង បានធ្លាក់ផ្ទុះនៅឆ្នេរសមុទ្ទដែលមានមនុស្សកកកុញនៅភាគខាងត្បូងនៃប្រទេសរុស្ស៊ី បានសម្លាប់មនុស្ស៧នាក់ ក្នុងនោះមានកុមារ ៣នាក់ ខណៈ៤០នាក់ផ្សេងទៀតបានរងរបួស នេះបើតាមអាជ្ញាធរមូលដ្ឋានរុស្ស៊ីបញ្ជាក់កាលពីថ្ងៃទី៣សីហា ឆ្នាំ២០២៦។

ក្នុងវីដេអូនៅលើបណ្តាញសង្គម គេឃើញដ្រូនមួយគ្រឿងបានធ្លាក់ផ្ទុះឆេះជាអណ្តាតភ្លើងនៅលើឆ្នេរសមុទ្ទភាគខាងត្បូងរុស្ស៊ី  ខណៈអ្នកទេសចរកំពុងដើរកម្សាន្តលើឆ្នេរ និងលេងទឹកកម្សាន្ត។ លោក វ៉េនីយ៉ាមីន កុនដ្រាតយ៉េហ្វ (Veniamin Kondratyev) អភិបាលតំបន់ក្រាស្នូដារ (Krasnodar) បានថ្លែងថា យ៉ាងហោចណាស់មនុស្ស ៧នាក់ស្លាប់ ខណៈចំនួនអ្នករងរបួសសរុបបានកើនឡើងដល់៤០នាក់ ដោយក្នុងនោះ ១៧នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ លោកបានចោទប្រកាន់អ៊ុយក្រែនថា បានវាយប្រហារដោយចេតនាលើប្រជាជនស៊ីវិល។

ហេតុការណ៍នេះ បានកើតឡើងនៅលើឆ្នេរសមុទ្ទមួយនៅជិតភូមិអាឃីប៉ូ អូស៊ីប៉ូវកា ​(Arkhipo-Osipovka) លើសមុទ្ទខ្មៅ។ ជាមួយនឹងអាកាសធាតុសមស្រប ឆ្នេរសមុទ្ទដ៏វែងអន្លាយ និងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ដ៏អភិវឌ្ឍន៍ តំបន់នេះគឺជាគោលដៅវិស្សមកាលដ៏ពេញនិយមសម្រាប់ប្រជាជនរុស្ស៊ី ជាពិសេស ចាប់តាំងពីវិធានការទណ្ឌកម្មបានកាត់បន្ថយការធ្វើដំណើរអន្តរជាតិសម្រាប់មនុស្សជាច្រើន។ អ្នកទេសចរ និងអ្នកភូមិ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា មិនមានសំឡេងស៊ីរ៉ែនព្រមានមុនពេលមានការវាយប្រហារដោយដ្រូននោះទេ។ ក្នុងកំលុងឆ្នាំកន្លងទៅ អ៊ុយក្រែនទទួលបានជោគជ័យកាន់តែខ្លាំង ក្នុងកាវាយប្រហារចម្ងាយឆ្ងាយទៅក្នុងទឹកដីរុស្ស៊ី ដោយបានបុកចំហេដ្ឋារចនាសម្ព័ន្ធថាមពល និងឃ្លាំងពាណិជ្ជកម្មសំខាន់ៗ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត