
រដ្ឋធានីព្យុងយ៉ាង៖ សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងជើង បានកើនឡើងជាង៣ភាគរយ ក្នុងរយៈពេល៣ឆ្នាំជាប់ៗគ្នា ដោយសារតែរដ្ឋធានីព្យុងយ៉ាង បានបង្កើនទំនាក់ទំនងសេដ្ឋកិច្ច និងយោធាយ៉ាងស៊ីជម្រៅជាមួយប្រទេសរុស្ស៊ី។ នេះបើតាមការប៉ាន់ប្រមាណរបស់ធនាគារកណ្តាលកូរ៉េខាងត្បូង។

យោងតាមរបាយការណ៍របស់ធនាគារកណ្តាលកូរ៉េខាងត្បូង ផលិតផលក្នុងស្រុកសរុប (GDP) ពិតប្រាកដរបស់កូរ៉េខាងជើង បានកើនឡើង៣,៥ភាគរយ ដែលមានទំហំជាង៣៨ទ្រីលានវ៉ុន ឬជាង២៦ពាន់លានដុល្លារអាម៉េរិក។ មន្ត្រីនៃធនាគារកណ្តាលកូរ៉េខាងត្បូង បានបញ្ជាក់ថា ការពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយរុស្ស៊ី គឺជាកម្លាំងចលករដ៏សំខាន់បំផុតនៃកំណើនសេដ្ឋកិច្ចរបស់កូរ៉េខាងជើង។

ប្រភពដដែលបានឱ្យដឹងទៀតថា ការនាំចេញអាវុធ និងគ្រាប់រំសេវទៅឱ្យរុស្ស៊ី សម្រាប់ប្រើប្រាស់ក្នុងសង្គ្រាមជាមួយអ៊ុយក្រែន បានជំរុញដល់វិស័យឧស្សាហកម្មកែច្នៃរបស់កូរ៉េខាងជើង។ បន្ថែមពីនេះ ការបញ្ជូនកងទ័ព និងពលករទៅកាន់រុស្ស៊ី ក៏បានធ្វើឱ្យប្រាក់ចំណូលជាតិសរុប (GNI) របស់កូរ៉េខាងជើង កើនឡើងយ៉ាងគំហុកដល់ទៅជាង៩ភាគរយ ដែលស្មើនឹង៣៣,៨ពាន់លានដុល្លារ៕




