
រាជធានីបាងកក៖ ស្នងការតម្រួតនគរបាលភូមិភាគ២របស់ថៃ បានបង្ហាញលទ្ធផលនៃការស៊ើបអង្កេតស្វែងរកជនជាតិរុស្ស៊ី២នាក់បងប្អូនបាត់ខ្លួនដ៏ភ្ញាក់ផ្អើលបំផុត បន្ទាប់ពីសាកសពពួកគេ ដែលបានបាត់ខ្លួនតាំងពីថ្ងៃទី២៦កក្កដា នៅខេត្តជលបុរី។ បងប្អូនវ័យក្មេងទាំង២នាក់នេះ ត្រូវបានឃាតកដៃឆៅសម្លាប់ រួចយកទៅកប់នៅក្នុងរណ្ដៅដីជម្រៅ១ម៉ែត្រ មើលទៅគួរឱ្យតក់ស្លុត និងអាណោចអាធ័មបំផុត...។

ជនរងគ្រោះជាបងប្អូនទាំងពីរនាក់ដែលបាត់ខ្លួន ត្រូវបានកំណត់អត្តសញ្ញាណ ដោយនារីជាបងស្រីមានឈ្មោះ ដាយអាណា ណាហ្ស៊ីម៉ូវ៉ា (Diana Nazimova) អាយុ២២ឆ្នាំ និងប្អូនប្រុសឈ្មោះ រ៉ូម៉ែន ណាហ្ស៊ីម៉ូវ៉ា (Roman Nazimova) អាយុទើបតែ១៧ឆ្នាំប៉ុណ្ណោះ ត្រូវបានសាច់ញាតិរាយការណ៍អំពីការបាត់ខ្លួន ក្នុងដែនសមត្ថកិច្ចនៃប៉ុស្តិ៍នគរបាលខេត្តជលបុរី។ កាលពីថ្ងៃទី៣១កក្កដាម្សិលមិញ តម្រួតនគរបាលថៃ បានឃាត់ខ្លួនឈ្មោះ ថាណាណា (ហៅ ពុង) និងឈ្មោះ ថងឆៃ (ហៅ ថង)។ ពួកគេទាំង២នាក់ ក៏ជាជនសង្ស័យ ដែលត្រូវបានតុលាការចេញដីកាតាមចាប់ខ្លួនផងដែរ ពាក់ព័ន្ធនឹងបទលួចយានយន្តនៅពេលយប់ និងទទួលផលចោរកម្ម។ ជនសង្ស័យទាំង២នាក់ បានសារភាពថា ពួកគេពិតជាបានសម្លាប់បងប្អូនជនជាតិរុស្ស៊ីទាំង២នាក់នោះ ដើម្បីប្លន់យកម៉ូតូ។ បន្ទាប់មក ពួកគេក៏បានយកសពជនរងគ្រោះទៅកប់ចោល។

តម្រួតនគរបាលថៃ បាននាំខ្លួនឃាតកដៃឆៅទាំង២នាក់ ទៅបង្ហាញទីតាំងកប់សព ហើយបានជីករកឃើញសពបងប្អូនប្រុសស្រីជនជាតិរុស្ស៊ីទាំង២នាក់នោះ នៅក្នុងរណ្ដៅប្រាកដមែន ក្នុងជម្រៅប្រមាណ១ម៉ែត្រ។ សពស្ត្រីជាបង មានស្នាមរងការវាយប្រហារលើរាងកាយ ខណៈសពប្អូនប្រុសមានស្នាមគ្រាប់កាំភ្លើង២គ្រាប់ (ត្រង់ពោះ និងក្បាល) ដែលត្រូវគ្នានឹងចម្លើយសារភាពរបស់ឃាតក។ បច្ចុប្បន្ន សមត្ថកិច្ចបាននិងកំពុងសាកសួរឃាតកបន្ថែមទៀត មុនកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការផ្តន្ទាទោសតាមនីតិវិធីច្បាប់ក្នុងប្រទេសថៃ។ យ៉ាងណា រឿងរ៉ាវឃាតកម្មមួយនេះ កំពុងទាញចំណាប់អ្នកទេសចរបរទេសចម្រុះជាតិសាស្ត្រ ឱ្យមានការភ័យខ្លាចជាខ្លាំង លើការធ្វើដំណើរមកកាន់ប្រទេសថៃ ព្រោះភាពអសន្តិសុខលើជនបរទេសជាច្រើនដែលបានធ្វើដំណើរមកលេងប្រទេសថៃ ឧស្សាហ៍ជួបរឿងរ៉ាវគ្រោះថ្នាក់ជាបន្តបន្ទាប់៕






