
រាជធានីភ្នំពេញ៖ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក ដេវីនេនី អ៊ូដាយគីរ៉ាន់ (Devineni Udaykiran) អនុព័ន្ធស្តីទីប្រចាំប្រទេសនៃទីភ្នាក់ងារស៊ើបអង្កេតសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ បានពិភាក្សាគ្នា ពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី នៃការអនុវត្តច្បាប់បង្រ្កាបបទល្មើសធនធានធម្មជាតិ តាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើប ដើម្បីតាមដានស្រាវជ្រាវ និងទប់ស្កាត់បទល្មើសព្រៃឈើឱ្យកាន់តែមានភាពសុក្រឹត និងប្រសិទ្ធភាពខ្ពស់…។

លោករដ្ឋមន្ត្រីបរិស្ថាន គូសបញ្ជាក់ថា ក្រសួងបាននិងកំពុងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹងចំពោះរាល់សកម្មភាពល្មើសច្បាប់ពាក់ព័ន្ធនឹងធនធានធម្មជាតិ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់ជាធរមាន ដើម្បីធានាបាននូវការអនុវត្តច្បាប់ដោយស្មើភាព និងគ្មានការលើកលែង។ រាល់ករណីល្មើស ត្រូវបានចងក្រងសំណុំរឿងបញ្ជូនទៅស្ថាប័នតុលាការ ដើម្បីអនុវត្តនីតិវិធីបន្ត។ លើសពីនេះ ក្រសួងបរិស្ថាន ក៏បានដាក់ចេញនូវប្រព័ន្ធតាមដានដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបជាយុទ្ធសាស្ត្រ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងក្នុងការការពារ និងអភិរក្សធនធានធម្មជាតិឱ្យកាន់តែមានប្រសិទ្ធភាព និងនិរន្តរភាព។

ជាមួយគ្នា លោកអនុព័ន្ធស្តីទី បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងវិធានការដ៏ម៉ឺងម៉ាត់របស់ក្រសួងបរិស្ថានកម្ពុជា។ លោកបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ទីភ្នាក់ងារស៊ើបអង្កេតសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក ក្នុងការគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា តាមរយៈការពង្រឹងសមត្ថភាពបច្ចេកទេស និងផ្តល់បច្ចេកវិទ្យាទំនើប ដើម្បីរួមចំណែកដល់ការប្រយុទ្ធប្រឆាំងបទល្មើសធនធានធម្មជាតិនៅកម្ពុជា៕



