
រាជធានីភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ បានរំឭកឡើងវិញ និងវាយតម្លៃខ្ពស់ ចំពោះតួនាទីសហរដ្ឋអាម៉េរិក ក្នុងការស្តារបទឈប់បាញ់ឱ្យកម្ពុជា-ថៃ។ ការថ្លែងរបស់លោកប្រមុខការទូត ធ្វើឡើងក្នុងជំនួបពិសាអាហារថ្ងៃត្រង់ជាមួយលោក ហាន់ វ៉ានឌើថូល (Hunt VanderToll) ឧបការីរងរបស់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក ទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ និងអាស៊ាន ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា។

ក្រសួងការបរទេសកម្ពុជា ប្រកាសព័ត៌មាននៅថ្ងៃទី៦មិថុនាថា ក្នុងជំនួបនេះ លោក ប្រាក់ សុខុន បានបង្ហាញការវាយតម្លៃខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះតួនាទីរបស់សហរដ្ឋអាម៉េរិក ក្រោមការដឹកនាំរបស់ លោក ដូណាល់ ត្រាំ (Donald J. Trump) ក្នុងការគាំទ្រ និងការសម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃ ព្រមទាំងបន្តចូលរួមជំរុញការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពនាពេលបច្ចុប្បន្ន។ ជាមួយគ្នា ភាគីទាំងពីរ ក៏បានពិភាក្សាអំពីវឌ្ឍនភាពវិជ្ជមាននៃទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ព្រមទាំងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអាស៊ាន និងសហរដ្ឋអាម៉េរិក។ បន្ថែមលើនេះ ភាគីទាំងពីរ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមក្នុងការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀតលើវិស័យនានា ដែលមានផលប្រយោជន៍ទៅវិញទៅមក សំដៅជំរុញការអភិវឌ្ឍ និងស្ថិរភាពក្នុងតំបន់៕






