វិស័យភស្តុភារកម្មកម្ពុជានឹងកាន់តែប្រសើរ ក្រោយសម្រេចបានកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសជាមួយអាម៉េរិក
អុន សម្ផស្ស
08 មិថុនា 2026 10:00 AM

រាជធានីភ្នំពេញ៖ តាមរយៈដំណើរស្សនកិច្ចផ្លូវការនៅកម្ពុជា លោក ហាន់ វ៉ានឌើថូល (Hunt VanderToll) ឧបការីរងរបស់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក ទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ និងអាស៊ាន បានអះអាងជាថ្មី ពីការប្តេជ្ញារបស់សហរដ្ឋអាម៉េរិក បន្តគាំទ្រសហការយ៉ាងជិតស្និទ្ធចំពោះកម្ពុជា លើកកម្ពស់សន្តិភាពតំបន់ ស្របពេលប្រទេសទាំងពីរ បានសម្រេចកិច្ចព្រមព្រៀង«ដឹកជញ្ជូនតាមផ្លូវអាកាស»...។

ក្នុងជំនួបជាមួយ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី៥មិថុនា ឆ្នាំ២០២៦ លោក ហាន់ វ៉ានឌើថូល ឧបការីរងរបស់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក បានកោតសរសើរចំពោះការរីកចម្រើនរបស់កម្ពុជា និងការវិវត្តជាវិជ្ជមាននៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។ លោកក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការសម្របសម្រួល និងគាំទ្រដល់ធុរកិច្ចបរទេស។ លោក ហាន់ វ៉ានឌើថូល គូសរំលេចថា«សហរដ្ឋអាម៉េរិកនៅតែបន្តគាំទ្រ និងសហការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ក្នុងការលើកកម្ពស់សន្តិភាពក្នុងតំបន់ តម្លាភាពសេដ្ឋកិច្ច ទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ និងការជំរុញឱ្យមានលំហូរវិនិយោគទុនពីក្រុមហ៊ុនអាម៉េរិកមកកម្ពុជា ឱ្យកាន់តែច្រើនឡើងថែមទៀត»

ទន្ទឹមគ្នា ភាគីទាំងពីរ បានពិភាក្សាបញ្ចប់ការចរចាលើសេចក្តីព្រាងកិច្ចព្រមព្រៀង«ស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាសរវាង សហរដ្ឋអាម៉េរិក និងកម្ពុជា»។ កិច្ចព្រមព្រៀងនេះត្រូវបានគេរំពឹងថា នឹងជួយពង្រឹងការតភ្ជាប់ជើងហោះហើររវាងប្រទេសទាំងពីរ ជំរុញការវិនិយោគ ពាណិជ្ជកម្ម និងការធ្វើដំណើររវាងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែមានភាពសកម្មថែមទៀត។ ក្រៅតែពីពិភាក្សា លើការពង្រឹងកិច្ចសហប្រតិបត្តិការ និងបញ្ចប់ការចរចាលើកិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវអាកាស លោក ស៊ុន ចាន់ថុល បានលើកឡើងពីសក្តានុពលវិនិយោគរបស់កម្ពុជា ជាពិសេស លើវិស័យហេដ្ឋារចនាសម្ព័ន្ធធំៗ ដែលមានចែងក្នុងផែនការមេប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជាឆ្នាំ២០២៣-២០៣៣ ត្រូវការទុនវិនិយោគប្រមាណ៣៦,៦ពាន់លានដុល្លារអាម៉េរិក។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីវឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការជាមួយសហរដ្ឋអាម៉េរិក ដែលបានរួមចំណែកជំរុញការកើនឡើងនៃពាណិជ្ជកម្មទ្វេភាគី និងការរក្សាបាននូវទីផ្សារអាម៉េរិកសម្រាប់ផលិតផលកម្ពុជា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត