អាម៉េរិក មើលឃើញកាលានុវត្តភាពច្រើនអាចជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែស្អិតល្មួត
S
Soriya Sou
10 មិថុនា 2026 09:34 AM

រាជធានីភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារជាមួយសម្ដេចធិតបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា លោក គ្រីស្ទូភើ ឡានឌួ (Christopher Landau) អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិក និងកម្ពុជា…។

ថ្លែងក្នុងជំនួបនៅរដ្ឋធានីហាណូយ កាលពីថ្ងៃ៩មិថុនា អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក បានសម្ដែងនូវក្ដីសោមនស្សរីករាយចំពោះវឌ្ឍនភាពនៃទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិក និងកម្ពុជា ព្រមទាំងបានគូសបញ្ជាក់ថា ប្រទេសទាំងពីរ នៅមានកាលានុវត្តភាពច្រើនថែមទៀត ដើម្បីរួមគ្នាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស្អិតល្មួត និងស៊ីជម្រៅ។ លោកក៏បានវាយតម្លៃខ្ពស់ចំពោះការសម្រេចបាននូវ «កិច្ចព្រមព្រៀងបើកចំហជើងមេឃ» ជាប្រវត្តិសាស្ត្ររវាងសហរដ្ឋអាម៉េរិក និងកម្ពុជា ដែលនឹងជួយលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅថែមទៀត។ លោកក៏បានបង្ហាញការពេញចិត្ត ចំពោះការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កលក្ខណៈងាយស្រួលដល់បណ្ដាក្រុមហ៊ុនវិនិយោគរបស់អាម៉េរិក ក្នុងការបោះទុន និងពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជា។ 

ដូចគ្នាដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើន និងលទ្ធផលល្អប្រសើរនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-សហរដ្ឋអាម៉េរិក ដោយប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងក្លាថែមទៀត។ ប្រមុខរាជរដ្ឋាភិបាល ក៏បានគូសបញ្ជាក់ជូនអនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក អំពីការដាក់ចេញនូវគោលនយោបាយ និងវិធានការចាំបាច់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រ និងធានាដល់ភាពជោគជ័យរបស់វិស័យឯកជន ក៏ដូចជាក្រុមហ៊ុនបរទេសដែលកំពុងមានប្រតិបត្តិការអាជីវកម្មនៅកម្ពុជា។ ក្នុងជំនួបដដែល សម្ដេចធិបតី ក៏បានគូសបញ្ជាក់ពីវិធានការម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល និង​កិច្ច​សហការ​ជាមួយបណ្តាប្រទេស​នានា​ រួមទាំងសហរដ្ឋអាម៉េរិក ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាផងដែរ។ សម្តេចធិបតីបានសង្កត់ធ្ងន់ថា វិធានការនេះ នឹងត្រូវបន្តអនុវត្តជាប្រចាំ រហូតដល់មានការបោសសម្អាតក្រុមឧក្រិដ្ឋជនទាំងនេះឱ្យអស់ពីកម្ពុជា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត