
រាជធានីបាងកក៖ តម្រួតឆ្មាំព្រំដែននៃកងកម្លាំងឆៃយ៉ានុផាប់របស់ថៃ (Chaiyanuphap Task Force) បានបើកការបាញ់ប្រហារគ្នាយ៉ាងក្តៅគគុកជាមួយក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀន តាមបន្ទាត់ព្រំដែនស្រុកម៉ែអាយ ខេត្តឈៀងម៉ៃ បណ្ដាលឱ្យឧក្រិដ្ឋជនម្នាក់ស្លាប់ ហើយកម្លាំងសមត្ថកិច្ច រឹបអូសបានថ្នាំញៀនប្រភេទម៉េតំហ្វេតាមីនចំនួន៣០ម៉ឺនគ្រាប់។ នេះបើតាមការចុះផ្សាយដោយកាសែតថៃ AMRIN TV នៅថ្ងៃទី២ ខែសីហា។ ហេតុការណ៍នេះ បានបង្ហាញឱ្យឃើញថា ប្រទេសថៃនៅតែជាជង្រុកគ្រឿងញឿនដ៏ធំសម្បើម ដែលបង្រ្កាបមិនចេះអស់មិនចេះហើយ...។

យោងតាមរបាយការណ៍ ប្រតិបត្តិការនេះ បានកើតឡើងបន្ទាប់ពីកម្លាំងសមត្ថកិច្ចទទួលបានព័ត៌មានសម្ងាត់កាលពីថ្ងៃទី២៤ ខែកក្កដា ដោយនាំឱ្យមានការដាក់ពង្រាយក្រុមល្បាតរួមគ្នារវាងកងឆ្មាំព្រំដែន ចាប់ពីថ្ងៃទី២៦ ខែកក្កដាមក ដើម្បីត្រួតពិនិត្យយ៉ាងតឹងរ៉ឹងលើតំបន់ប្រឈមខ្ពស់តាមបន្ទាត់ព្រំដែន។ លុះដល់រាត្រី ថ្ងៃទី១ ខែសីហា កម្លាំងល្បាតបានប្រទះឃើញក្រុមឧក្រិដ្ឋជនមានគ្នា៣ទៅ៥នាក់ កំពុងដើរឆ្លងកាត់តាមតម្រាយផ្លូវធម្មជាតិក្នុងភាពគួរឱ្យសង្ស័យ។ នៅពេលដែលមន្ត្រីសមត្ថកិច្ចបង្ហាញខ្លួន និងឱ្យឈប់ដើម្បីត្រួតពិនិត្យ ក្រុមឧក្រិដ្ឋជន មិនត្រឹមតែមិនធ្វើតាមនោះទេ ប៉ុន្តែថែមទាំងបានបើកការបាញ់ប្រហារទៅលើកងកម្លាំង ដែលបង្កឱ្យមានការបាញ់ប្រហារតទល់គ្នាយ៉ាងសាហាវរយៈពេលប្រហែល៥នាទី។

ក្រោយពេលស្ថានភាពបានស្ងប់ស្ងាត់ សមត្ថកិច្ចបានបញ្ជាក់ថា គ្មានមន្ត្រីណាម្នាក់រងគ្រោះថ្នាក់នោះឡើយ ខណៈឧក្រិដ្ឋជនម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ។ ក្នុងការត្រួតពិនិត្យទីតាំងកើតហេតុ សមត្ថកិច្ចបានរកឃើញវត្ថុតាង រួមមាន៖ថ្នាំញៀនគ្រាប់ប្រភេទម៉េតំហ្វេតាមីនប្រមាណ៣ម៉ឺនគ្រាប់ និងអាវុធកែច្នៃ១ដើម។ សូមជម្រាបថា ព្រំដែនថៃនៅតែបន្តជាច្រករបៀងងងឹត ដែលទុកឱ្យបញ្ហាគ្រឿងញៀនបន្តរីករាលដាលដូចផ្សិត និងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ប្រទេសក្បែរខាង៕




