គ្រោះមហន្តរាយនៅចិន៖ កាកបាទក្រហមកម្ពុជា បង្ហាញសាមគ្គីភាពបរិច្ចាគថវិកា១០ម៉ឺនដុល្លារ និងផ្ញើសាររំលែកទុក្ខ
អុន សម្ផស្ស
12 ម៉ោងមុន

រាជធានីភ្នំពេញ៖ បង្ហាញពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការមនុស្សធម៌រវាងកម្ពុជា-ចិន ព្រមទាំងស្មារតីគាំទ្រគ្នាទៅវិញទៅមកនៅពេលមានគ្រោះមហន្តរាយ ប្រធានកាកបាទក្រហមកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ នេះ បានផ្ញើលិខិតរំលែកទុក្ខចំពោះប្រជាជនចិន ដែលកំពុងជួបគ្រោះមហន្តរាយទឹកជំនន់...។

ផ្អែកតាមលិខិតផ្ញើទៅកាន់ប្រធានសមាគមកាកបាទក្រហមចិន លោកហឺ វៃ (He Wei) ប្រធានកាកបាទក្រហមកម្ពុជា បង្ហាញក្ដីសោកស្ដាយយ៉ាងក្រៃលែងចំពោះគ្រោះមហន្តរាយទឹកជំនន់ ដែលបង្កដោយបាតុភូតព្យុះ ណូល (Noul) វាយប្រហារខេត្តជាច្រើនរបស់ប្រទេសចិន។ ខូចខាតទ្រព្យសម្បត្តិយ៉ាងសន្ធឹកសន្ធាប់ និងប្រជាជនជិត៩០ម៉ឺននាក់ ត្រូវបានជម្លៀសចេញ ព្រមទាំងមានបាត់បង់អាយុជីវិត និងរងរបួសមួយចំនួន។ ស្ថិតក្នុងពេលវេលាដ៏លំបាកនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បញ្ជាក់ថា៖«ក្នុងនាមកាកបាទក្រហមកម្ពុជា និងខ្លួនខ្ញុំផ្ទាល់ សូមបរិច្ចាគថវិកា១០ម៉ឺនដុល្លារអាម៉េរិក ចូលរួមជួយគាំទ្រដល់ប្រតិបត្តិការមនុស្សធម៌របស់សមាគមកាកបាទក្រហមចិន ឆ្លើយតបគ្រោះមហន្តរាយខាងលើនេះ»។  

ទន្ទឹមគ្នា សម្តេចក៏បានចូលរួមរំលែកទុក្ខដ៏លំបាកនេះ ជាមួយក្រុមគ្រួសារជនរងគ្រោះ ជាពិសេស អ្នកដែលបាត់បង់មនុស្សជាទីស្រឡាញ់។ ក្នុងន័យនេះ សម្តេចប្រធានកាកបាទក្រហមកម្ពុជា ជូនពរឱ្យការស្តារឡើងវិញ បានឆាប់រហ័សនៅតំបន់ដែលរងការបំផ្លិចបំផ្លាញ និងជូនពរឱ្យប្រជាជនចិនទាំងអស់ទទួលបាននូវសុខភាពល្អ និងជោគជ័យក្នុងការងារ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត