
(រាជធានីភ្នំពេញ) ៖ ប្រមុខរដ្ឋាភិបាលសម្តេចតេជោ នៅថ្ងៃទី១០ ខែឧសភានេះ បានប្រកាសពីជំនួយរបស់សប្បុរសជនដែលចូលរួមដើម្បីអបអរទិវាកាកបាទក្រហមអន្តរជាតិ១៨ឧសភា ថាបានប្រមាណ១៦លានដុល្លារអាម៉េរិក។ នេះបើយោងតាមសារសំឡេងជូនជនរួមជាតិតាមប្រព័ន្ធតេឡេក្រាមនៅថ្ងៃទី១០ ខែឧសភានេះ ពីអាកាសយានដ្ឋានអន្តរជាតិអ៊ីនឈ័ន សាធារណរដ្ឋកូរ៉េខាងត្បូង។

តាមរយៈសារសំឡេងរបស់សម្ដេចតេជោ ហ៊ុន សែន នៅពេលដែលសម្តេចកំពុងស្ថិតក្នុងដំណើរតាមយន្តហោះឆ្ពោះទៅកាន់ទឹកដីអាម៉េរិក ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាម៉េរិកនោះ សម្ដេចតេជោ ចាត់ទុកថវិកាសប្បុរសធម៌នេះថាជាចំនួនមួយដ៏ធំ។ «គឺជាការទទួលមួយដ៏ធំនៅក្នុងពេលវេលានៃដំណាក់កាលកូវីដដែលយើងមិនអាចចូលរួមបាន មិនអាចធ្វើពិធីទិវាបាន ប៉ុន្តែបែរជាបងប្អូនសប្បុរសជនបានចូលរួមវិភាគទានសម្រាប់កាកបាទក្រហមកម្ពុជាបានយ៉ាងល្អប្រសើរ»។ នេះជាការបញ្ជាក់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី។

ភ្ជាប់នឹងការគូសបញ្ជាក់អំពីថវិកាដែលកាកបាទក្រហមកម្ពុជាទទួលបាននេះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរព្រះរាជគុណថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សម្ដេចព្រះមហាក្សត្រី សប្បុរសជន និងជនរួមជាតិដែលបានប្រោសព្រះរាជទាន និងរួមចំណែកបរិច្ចាគថវិកាដើម្បីគាំទ្រសកម្មភាពសប្បុរសធម៌របស់កាកបាទក្រហមកម្ពុជា។
សូមបញ្ជាក់ថាកាកបាទក្រហមកម្ពុជា មានសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ជាប្រធានកិត្តិយស និងមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន៕



