ADB អនុម័តឥណទានសម្បទាន២៥០លានដុល្លារ គាំទ្រស្ថិរភាពសេដ្ឋកិច្ចកម្ពុជា
អុន សម្ផស្ស
12 ម៉ោងមុន

រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទាននូវទឹកប្រាក់២៥០លានដុល្លារអាម៉េរិក សម្រាប់អនុវត្ត«កម្មវិធីអន្តរាគមន៍បន្ទាន់ ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ច» ក្រោមក្របខណ្ឌ Countercyclical Support Facility (CSF)។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦...។

ពិធីចុះហត្ថលេខានេះ ធ្វើឡើងកាលពីថ្ងៃទី៣១ ខែកក្កដា រវាងលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងលោកស្រី យ៉ាសមីន នាយិកាស្ថានតំណាង ADB ប្រចាំកម្ពុជា រួមជាមួយលោក នៀនសាន ចាង (Nianshan Zhang) អគ្គនាយកទទួលបន្ទុកនាយកដ្ឋានអាស៊ីអាគ្នេយ៍របស់ADB។ កម្មវិធី«RISE»មានគោលបំណងគាំទ្រការអនុវត្ត«កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ»របស់រាជរដ្ឋាភិបាល ដើម្បីបង្កើតការងារ រក្សាលំនឹងជីវភាពប្រជាពលរដ្ឋ និងពង្រឹងភាពធន់នៃសង្គម-សេដ្ឋកិច្ចកម្ពុជា ចំពោះផលប៉ះពាល់ពីវិបត្តិសកល និងតំបន់។ កម្មវិធីនេះ ផ្តោតលើអាទិភាពសំខាន់ចំនួន៣ រួមមាន៖ ១.ការកាត់បន្ថយផលប៉ះពាល់ជាបណ្តោះអាសន្នពីការប្រែប្រួលខ្លាំង នៃថ្លៃប្រេងឥន្ធនៈលើសេដ្ឋកិច្ច។ ២.ការផ្ដល់ជំនួយហិរញ្ញវត្ថុចំគោលដៅ និងការគាំទ្រសកម្មភាពកសិកម្មជូនគ្រួសារ ងាយរងគ្រោះ។ និង៣.ការពន្លឿនអន្តរកាលបៃតង សំដៅពង្រឹងភាពធន់ និងភាពឆ្លើយតបចំពោះវិបត្តិថាមពលជាយថាហេតុនាពេលអនាគត។

រដ្ឋមន្ត្រីសេដ្ឋកិច្ចកម្ពុជា វាយតម្លៃថា ហិរញ្ញប្បទាននេះ មិនត្រឹមតែជាការគាំទ្រផ្នែកហិរញ្ញវត្ថុដ៏មានសារសំខាន់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាដំណោះស្រាយទាន់ពេលវេលា ដើម្បីជួយរក្សាស្ថិរភាពសេដ្ឋកិច្ច និងបន្តជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះ ADB ដែលបានឆ្លើយតបយ៉ាងឆាប់រហ័ស និងបន្តគាំទ្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រឈមសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន។ កម្ពុជា ជាប្រទេសសមាជិកទី១ដែលទទួលបានការគាំទ្រពី ADB លើ«កម្មវិធី RISE» នេះ។ ទន្ទឹមគ្នា លោកឧបនាយករដ្ឋមន្ត្រី ស្នើ ADB បន្តផ្តល់ហិរញ្ញប្បទានសម្បទានដែលមានភាពបត់បែនខ្ពស់សម្រាប់កម្ពុជា ក្នុងដំណាក់កាលអន្តរកាល បន្ទាប់ពីការចាកចេញរបស់កម្ពុជាពីចំណាត់ថ្នាក់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC Graduation) ដើម្បីបន្តគាំទ្រដល់ការវិនិយោគលើវិស័យអាទិភាព និងរក្សាសន្ទុះនៃការអភិវឌ្ឍប្រកបដោយចីរភាព។

ជាការឆ្លើយតប លោក នៀនសាន ចាង បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សាស្ថិរភាពសេដ្ឋកិច្ច និងការពារជីវភាពប្រជាពលរដ្ឋ។ លោកបន្ថែមថា ADB នឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ដើម្បីគាំទ្រការអភិវឌ្ឍប្រកបដោយចីរភាព៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត