រឿងកាន់តែវែងឆ្ងាយ! ឧកញ៉ា ជឹម សុខ ប្ដឹងមេប៉ូលិសខេត្តព្រៃវែង២នាក់ពីបទរំលោភអំណាច និងកំហែងយកប្រាក់
ហាក់ អ៊ីឌី
11 ម៉ោងមុន

ក្រុងព្រៃវែង៖ ករណីទំនាស់ដ៏ក្ដៅគគុកមួយបាន និងកំពុងផ្ទុះឡើងនៅក្នុងខេត្តព្រៃវែង បន្ទាប់ពី ឧកញ៉ា ជឹម សុខ ប្រធានសភាពាណិជ្ជកម្មខេត្តព្រៃវែង ប្រកាសដាក់ពាក្យបណ្តឹង និងទម្លាយរឿងរ៉ាវចោទប្រកាន់លើថ្នាក់ដឹកនាំស្នងការនគរបាលខេត្តព្រៃវែងចំនួន២រូប ពីបទរំលោភអំណាច និងកំហែងយកប្រាក់ជាច្រើនម៉ឺនដុល្លារអាម៉េរិក...។  

តាមរយៈលិខិតចំនួន២ច្បាប់ ដែលអង្គភាពសារព័ត៌មាន SBM News ទទួលបាននៅរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៦នេះ ឧកញ៉ា ជឹម សុខ បានដាក់ពាក្យបណ្ដឹងទៅកាន់ លោកឧបនាយករដ្ឋមន្រ្តីអភិសន្តិបណ្ដិត ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការដ្ឋាននគរបាលជាតិ ប្តឹងឈ្មោះ ឈឿន ប៊ុនឆន មានតួនាទីជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង និងឈ្មោះ ឡេង ពៅ ស្នងការរង ទទួលបន្ទុកសេនាធិការ ពីបទកំហែងយក និងរំលោភអំណាច (បទចាត់វិធានការសំដៅរារាំងការអនុវត្តច្បាប់ និងស្ថានទម្ងន់ទោស) ស្របតាមមាត្រា ៣៦៣, ៣៦៤ និង៥៨៦ ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ប្រព្រឹត្តនៅព្រៃវែង កាលពីកំលុងឆ្នាំ២០២៣ ដល់ឆ្នាំ២០២៦។

ក្នុងលិខិតពាក្យបណ្តឹងនោះ ប្រធានសភាពាណិជ្ជកម្មខេត្តព្រៃវែង បានរៀបរាប់ពីដំណើរដើមទងនៃរឿងរ៉ាវទាំងអស់យ៉ាងដូច្នេះថា៖ ចាប់ពីឆ្នាំ២០២៣ បន្ទាប់ពីលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ចូលកាន់តំណែងជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង លោកបានតម្រូវឱ្យក្រុមហ៊ុនរបស់ខ្ញុំបង់ប្រាក់ចំនួន$១០.០០០ (មួយម៉ឺនដុល្លារអាម៉េរិក) ក្នុងមួយខែ ដើម្បីបង្កភាពងាយស្រួលដល់អាជីវកម្មរបស់ក្រុមហ៊ុន ធ្វើឱ្យខ្ញុំបាទ បង្ខំចិត្តបង់ប្រាក់ជូនលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ចំនួន$១០.០០០ (មួយម៉ឺនដុល្លារអាម៉េរិក)ក្នុងមួយខែ ជារៀងរាល់ដើមខែនីមួយៗ តាមរយៈលោក ឡេង ពៅ ជាស្នងការរងទទួលបន្ទុកសេនាធិការ។ ក្នុងអំឡុងឆ្នាំ២០២៥ ក្រុមហ៊ុនរបស់ខ្ញុំបាទបានជួបវិបត្តិផ្នែកហិរញ្ញវត្ថុ និងពិបាកក្នុងការរកប្រាក់បង់ជូន លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ប៉ុន្ដែក្រុមហ៊ុននៅតែព្យាយាមបង់ប្រាក់ជូនគាត់ ពុំដែលអាកខាននោះឡើយ។

ស្រាប់តែក្នុងខែមិថុនា ឆ្នាំ២០២៦ ក្រុមហ៊ុនបានស្នើសុំបង់ប្រាក់ចំនួន$១០.០០០ (មួយម៉ឺនដុល្លារអាម៉េរិក) ជូនលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ប្ដូរពីបង់ដើមខែ មកបង់ចុងខែវិញ ប៉ុន្តែគាត់បដិសេធពុំទទួលយកការស្នើសុំរបស់ខ្ញុំបាទ។ លើសពីនេះទៅទៀត លោកឧត្តមសេនីយ៍ទោ បានបញ្ជាឱ្យសមត្ថកិច្ចក្រោមការដឹកនាំកម្លាំងរបស់គាត់ ឱ្យហាមឃាត់ខ្ញុំបាទមិនឱ្យនាំគោ, ក្របី ស្របច្បាប់ របស់ក្រុមហ៊ុនចេញទៅប្រទេសវៀយណាម (ច្រកស្វាយតាប៉ោង ស្ថិតនៅឃុំចាម និងច្រកពាមបន្លា ស្រុកកំពង់ត្របែក ខេត្តព្រៃវែង)។ លោក ឈឿន ប៊ុនឆន បានបញ្ជាកម្លាំងនគរបាលធ្វើការហាមឃាត់ មិនឱ្យរថយន្តដឹកស្រូវរបស់ក្រុមហ៊ុនខ្ញុំបាទ ដឹកជញ្ជូនស្រូវទៅលក់នៅប្រទេសវៀតណាម នៅចំណុចទីតាំងបេនច្រកព្រំដែនកោះស្ករ ស្ថិតនៅឃុំកោះសំពៅ ស្រុកពាមជរ ខេត្តព្រៃវែង។

ទន្ទឹមនឹងនេះ ឧកញ៉ា ជឹម សុខ បានស្នើថ្នាក់ដឹកនាំទាំង២ស្ថាប័ន មេត្តាចាត់វិធានការលើឈ្មោះ ឈឿន ប៊ុនឆន ជាស្នងការនគរបាលខេត្តព្រៃវែង និងឈ្មោះ ឡេង ពៅ ជាស្នងការរងទទួលបន្ទុកសេនាធិការ ក្រោមរូបភាពផ្អាកតួនាទីជាបណ្តោះអាសន្ន ដើម្បីបើកការស៊ើបអង្កេត និងមានវិធានការតាមផ្លូវច្បាប់។ ជុំវិញបញ្ហានេះ SBM News បានព្យាយាមហៅទូរសព្ទទៅកាន់លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង​ ដើម្បីសុំការបំភ្លឺបន្ថែមនៅរសៀលថ្ងៃដដែលដោយលោកបញ្ជាក់ខ្លីថា លោកកំពុងជាប់រវល់នៅក្រសួង តែដោយពុំបានបញ្ជាក់ថា នៅក្រសួងណា និងជាប់រវល់រឿងអ្វីនោះឡើយ។

លោកឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង
លោកឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង

ជាមួយគ្នាផងដែរ លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានថ្លែងប្រាប់ការីនិពន្ធសារព័ត៌មាន SBM News តាម​ប្រព័ន្ធតេលេក្រាមថា៖«ពាក្យប្ដឹងកំពុងបន្តនីតិវិធីមកកាន់លោកឧបនាយករដ្ឋមន្ត្រី ដើម្បីពិនិត្យទិដ្ឋភាពច្បាប់។ ទោះយ៉ាងណា ក្រសួងនឹងពិនិត្យឱ្យបានសុក្រឹត្យ ដោយត្រូវបំពេញការងារជំនាញ ស្របតាមនីតិវិធីជាមួយភាគីពាក់ព័ន្ធ។ ពោលគឺ..ក្រសួងនឹងផ្ដល់លទ្ធភាពជូនភាគីទាំងសងខាងក្នុងការដាក់បន្ទុកផ្អែកលើភស្ដុតាង និងដោះបន្ទុកផ្អែកលើភស្ដុតាង។ ជារួម ក្រសួងបាននិងកំពុងពិនិត្យករណីនេះ សំអាងលើអង្គហេតុ អង្គច្បាប់ និងភស្ដុតាង តែត្រូវការថេរវេលាមួយបម្រើភាពគត់មុត ច្បាស់លាស់ សម្រាប់ទាំងអស់គ្នា»...៕

លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ    
លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ    
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត