
ក្រុងតាខ្មៅ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦នេះ បានអញ្ជើញប្រគល់ផ្ទះថ្មីចំនួន៣ខ្នងនៅឯខេត្តកណ្តាល ជូនដល់គ្រួសារវីរកងទ័ពពលី ក្នុងសង្រ្គាមថៃឈ្លានពាននាពេលកន្លង...។

សម្តេចនាយករដ្ឋមន្ត្រី គូសបញ្ជាក់នៅលើគ្រុបតេឡេក្រាមថា ក្នុងឱកាសប្រគល់ផ្ទះជូនក្រុមគ្រួសារយោធិនពលី លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បាននាំយកមកជាមួយនូវអំណោយមានដូចជា ថវិកា សម្ភារប្រើប្រាស់ ស្បៀងអាហារ និងសម្ភារចាំបាច់ផ្សេងៗមួយចំនួនទៀត ជូនដល់ក្រុមគ្រួសាររបស់វីរកងទ័ព ដើម្បីសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ។ ជាមួយគ្នា ស្រី្តទី១នៃកម្ពុជា ក៏បានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខ ប្រសាសន៍សួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចនាយករដ្ឋមន្ត្រី ជូនដល់ក្រុមគ្រួសាររបស់វីរកងទ័ព។

គួរជ្រាបថា ស្រី្តទី១នៃកម្ពុជា តែងចុះសាកសួរសុខទុក្ខដោយផ្ទាល់ តាំងពីពិធីបុណ្យសពវីរយុទ្ធជនពលី និងជាមួយសមាជិកក្រុមគ្រួសារ សាត់ញាតិវីរយុទ្ធជនពលី ដើម្បីស្វែងយល់អំពីតម្រូវការចាំបាច់ ដើម្បីខិតខំដោះស្រាយ និងស្តារជំហរគ្រួសារពេលដែលបាត់បង់សសរទ្រូងជាតិផង និងគ្រួសារផង។ ដោយមើលឃើញអំពីតម្រូវការចាំបាច់ ពិសេស ជម្រកជូនដល់គ្រួសារវីរយុទ្ធជនពលី ស្រី្តទី១នៃកម្ពុជា តែងពិនិត្យ និងសម្រេចឱ្យមានការសាងសង់ផ្ទះជូនដល់ក្រុមគ្រួសារវីរកងទ័ព និងបានបន្តប្រគល់ជូនជាបន្តបន្ទាប់៕





