
រដ្ឋធានីម៉ានីល៖ ក្នុងឆ្នាំ២០២៣ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ជំនួយចំនួន២៣,៦ពាន់លានដុល្លារ ដែលក្នុងនោះ៩,៨ពាន់លានដុល្លារសម្រាប់សកម្មភាពអាកាសធាតុ ដើម្បីជួយតំបន់អាស៊ី និងប៉ាស៊ីហ្វិក បោះជំហានទៅមុខក្នុងការអភិវឌ្ឍប្រកបដោយចីរភាព។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំ ដែលADBចេញផ្សាយនាព្រឹកថ្ងៃទី២៥មេសានេះ។

របាយការណ៍នេះ បានសង្ខេបពីរបៀបដែល ADB បានគាំទ្រប្រទេសកំពុងអភិវឌ្ឍជាសមាជិក ដើម្បីដោះស្រាយវិបត្តិអាកាសធាតុដែលកាន់តែអាក្រក់ ក៏ដូចជាផលប៉ះពាល់នៃជម្លោះ អសន្តិសុខស្បៀង និងបំណុលដែលកើនឡើង ក្នុងចំណោមបញ្ហាប្រឈមផ្សេងទៀត។ ចំពោះទឹកប្រាក់ចំនួន២៣,៦ពាន់លានដុល្លារ រួមមាន៖ ប្រាក់កម្ចី ជំនួយ ការវិនិយោគទុន ការធានា និងជំនួយបច្ចេកទេសដែលផ្តល់ដល់រាជរដ្ឋាភិបាល និងវិស័យឯកជន។ បន្ថែមទៅនឹងធនធានផ្ទាល់ខ្លួន ADB បានប្រមូលថវិកាបន្ថែមចំនួន១៦,៤ពាន់លានដុល្លារជាសហហិរញ្ញប្បទាន តាមរយៈភាពជាដៃគូដ៏រឹងមាំរបស់ខ្លួន។ ប្រធាន ADB លោក ម៉ាសាស៊ូហ្គូ អាសាហ្កាវ៉ា Masatsugu Asakawa បានមានប្រសាសន៍ថា៖« ADB បានបន្តប្រែក្លាយជា ធនាគារអាកាសធាតុសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក ដោយឈានដល់ការផ្ដល់ហិរញ្ញប្បទានប្រចាំឆ្នាំខ្ពស់បំផុត មិនធ្លាប់មានសម្រាប់សកម្មភាពអាកាសធាតុ។ ការវិនិយោគរបស់យើងក្នុងការងារបន្សាំ និងកាត់ បន្ថយ ផ្តោតយ៉ាងខ្លាំងលើកសិកម្មដែលធន់នឹងអាកាសធាតុ ថាមពលកកើតឡើងវិញ និងការដឹកជញ្ជូន ដែលបញ្ចេញកាបូនទាប»។

ADB បានវិនិយោគយ៉ាងច្រើនក្នុងការកសាងថាមពលគុណភាពខ្ពស់ ការដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតដែលចាំបាច់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ ធនាគារបានពង្រឹងបន្ថែមនូវ ធនធានមនុស្សក្នុងតំបន់តាមរយៈការបង្កើនការគាំទ្រសម្រាប់ផ្នែកអប់រំ និងសុខាភិបាល។ បន្ថែមពីនេះ ការដោះស្រាយវិសមភាពយេនឌ័រ បានបន្តជាមូលដ្ឋានគ្រឹះនៃការងាររបស់ធនាគារដោយប្រតិបត្តិការ ស្ទើរតែទាំងអស់របស់ADB ក្នុងឆ្នាំ២០២៣ បានរួមចំណែកកាត់បន្ថយអតុល្យភាពដែលនៅសេសសល់ រួមទាំងការគាំទ្រដើម្បីកាត់បន្ថយផលប៉ះពាល់យេនឌ័រមិនសមាមាត្រនៃការប្រែប្រួលអាកាសធាតុ។ គូសបញ្ជាក់ផងដែរថា របាយការណ៍នេះពន្យល់ពីរបៀបដែល ADB កំពុងវិវឌ្ឍខ្លួន ដើម្បីអាចជួយពន្លឿនវឌ្ឍនភាពក្នុងតំបន់ ឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ កំណែទម្រង់ការគ្រប់គ្រងមូលធនសំខាន់ៗក្នុងឆ្នាំ២០២៣ នឹងជំរុញប្រតិបត្តិការផ្ដល់ប្រាក់កម្ចីនាពេលអនាគតរបស់ធនាគាររហូតដល់ ១00ពាន់លានដុល្លារនៃកម្រិតផ្តល់ប្រាក់កម្ចីថ្មីក្នុងទសវត្សរ៍ខាងមុខ។

ADB ក៏បានចាប់ផ្តើមដាក់ចេញនូវគំរូប្រតិបត្តិការថ្មី របស់ខ្លួនក្នុងឆ្នាំ២០២៣ ដែលជាការផ្លាស់ប្ដូរដើម្បីកែលម្អវិធីដែលធនាគារបម្រើអតិថិជនរបស់ខ្លួន។ ADB បានបង្កើតឡើងនៅឆ្នាំ១៩៦៦ ត្រូវបានគ្រប់គ្រងដោយសមាជិកចំនួន៦៨ ប្រទេស ក្នុងនោះមាន៤៩ប្រទេស។ ធនាគារនេះប្តេជ្ញាថា នឹងសម្រេចឱ្យបាននូវវិបុលភាព បរិយាប័ន្ន ភាពធន់ និងនិរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង៕


