ADB ត្រៀមជាង១ពាន់លានដុល្លារទៀត ទុកបន្តជួយអភិវឌ្ឍកម្ពុជានៅ៣ឆ្នាំក្រោយ
Mao Sopha
12 វិច្ឆិកា 2024 07:00 PM

រាជធានីភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា អេឌីប៊ី (ADB) គ្រោងរៀបចំថវិកាមួយកញ្ចប់ធំបន្ថែមទៀត ដែលអាចមានទំហំដល់ទៅជាង១ពាន់លានដុល្លារ ដើម្បីទុកចំណាយលើគម្រោងអភិវឌ្ឍន៍ចំនួន១៧ ពាក់ព័ន្ធនឹងវិស័យផ្សេងៗនៅកម្ពុជា។ កញ្ចប់ថវិកាជាង១ពាន់លានដុល្លារនេះ មិនមែនសម្រាប់ចំណាយក្នុងពេលបច្ចុប្បន្នឡើយ គឺនឹងត្រូវបញ្ចេញក្នុងរយៈពេល៣ឆ្នាំខាងមុខ (ប្រហែលចាប់ផ្តើមពីឆ្នាំ២០២៧ ឬ២០២៨ទៅ)។

លោក អេនតូនី ហ្គីល
លោក អេនតូនី ហ្គីល

ការត្រៀមកញ្ចប់ថវិកាថ្មីក្នុងទំហំជាង១ពាន់លានដុល្លារនេះ ត្រូវបានប្រកាសដោយ លោក អេនតូនី ហ្គីល (Antony Gill) តំណាងធនាគារអេឌីប៊ីប្រចាំកម្ពុជា ក្នុងពិធីសម្ពោធវិថីថ្មីមួយ ក្នុងខេត្តកែប កាលពីព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលមានសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ចូលរួមធ្វើជាអធិបតី។ «ខ្ញុំសូមបញ្ជាក់ឡើងវិញអំពីការប្តេជ្ញាចិត្តរបស់អេឌីប៊ី ចំពោះគោលដៅរួមរបស់យើង ក្នុងការធ្វើឱ្យប្រទេសកម្ពុជាមានការរីកចម្រើនខ្ពស់ប្រកបដោយនិរន្តរភាព» នេះជាការបញ្ជាក់របស់លោក អេនតូនី ហ្គីល។

ដំណាំក្រូចមួយកន្លែងនៅកម្ពុជា (រូបពី៖ svaychekorganicfarm.com)
ដំណាំក្រូចមួយកន្លែងនៅកម្ពុជា (រូបពី៖ svaychekorganicfarm.com)

របាយការណ៍ដែលអានដោយលោក អេនតូនី ហ្គីល បានឱ្យដឹងថា គិតចាប់តាំងពីដើមទី រហូតមកដល់បច្ចុប្បន្ននេះ ធនាគារអេឌីប៊ី បាននាំយកឥណទានសម្បទាន ហិរញ្ញប្បទានឥតសំណង ជំនួយបច្ចេកទេស និងគម្រោងផ្សេងៗ ដែលគិតជាទឹកប្រាក់សរុប មានជាង៥ពាន់លានដុល្លារមកកាន់កម្ពុជា។ ជាក់ស្តែង ក្នុងពេលបច្ចុប្បន្ន ធនាគារអេឌីប៊ី កំពុងអនុវត្តគម្រោងចំនួន៣២ មានទំហំទឹកប្រាក់២,២ពាន់លានដុល្លារ ដោយគម្រោងទាំង៣២នោះ ផ្តោតលើការអភិវឌ្ឍវិស័យនានា រួមមាន៖ ការអប់រំ, ចំណេះជំនាញ, កសិកម្ម, ធនធានទឹក, ហេដ្ឋារចនាសម្ព័ន្ធ, និងថាមពល ជាដើម៕  

កសិដ្ឋានបន្លែសាឡាត់មួយកន្លែងនៅកម្ពុជា (រូបពី៖ svaychekorganicfarm.com)
កសិដ្ឋានបន្លែសាឡាត់មួយកន្លែងនៅកម្ពុជា (រូបពី៖ svaychekorganicfarm.com)
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត