ធនាគារអភិវឌ្ឍន៍អាស៊ី អនុម័តទឹកប្រាក់៨២,៥លានដុល្លារ បន្តគាំទ្រអន្តរកម្មថាមពលស្អាតនៅកម្ពុជា
អុន សម្ផស្ស
07 តុលា 2025 02:00 PM

រដ្ឋធានីម៉ានីល៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥នេះ បានអនុម័តដំណាក់កាលទីពីរនៃកម្មវិធីអភិវឌ្ឍន៍វិស័យសម្រាប់អន្តរកម្មថាមពល (ETSDP) របស់កម្ពុជា ដែលមានទឹកប្រាក់៨២,៥លានដុល្លារ។ ទំហំទឹកប្រាក់នេះជាសហហិរញ្ញប្បទានពីមូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ាន, មូលនិធិហិរញ្ញវត្ថុអាកាសធាតុអាស៊ីប៉ាស៊ីហ្វិក, មូលនិធិអាកាសធាតុបៃតង និងចក្រភពអង់គ្លេស តាមរយៈមូលនិធិហិរញ្ញវត្ថុបៃតង ដើម្បីជំរុញសេដ្ឋកិច្ចអាស៊ាន…។

រូបភាពតំណាង
រូបភាពតំណាង

តាម​សេចក្ដី​ប្រកាសព័ត៌មានរបស់ ADB កម្មវិធីនេះមានគោលបំណង ផ្តល់ការគាំទ្រទូលំទូលាយ សម្រាប់អន្តរកម្មថាមពលស្អាតរបស់ប្រទេសកម្ពុជា​ ដោយរួមបញ្ចូលគ្នានូវកំណែទម្រង់គោលនយោបាយជាមួយនឹងគម្រោងវិនិយោគបច្ចេកវិទ្យាថ្មីៗ។ ផ្អែកលើមូលដ្ឋានកម្មវិធីដំណាក់កាលទីមួយដែលអនុម័តកាលពីឆ្នាំ២០២២ កន្លងទៅ ADB កត់សម្គាល់ថា កម្មវិធីដំណាក់កាលទីពីរដែលទើបអនុម័តនាពេលនេះ នឹងជំរុញកំណែទម្រង់លិខិតបទដ្ឋានគតិយុត្ត ដើម្បីពង្រឹងក្របខ័ណ្ឌប្រសិទ្ធភាពថាមពល និងបង្កើនភាពច្បាស់លាស់ នៃគោលនយោបាយសំដៅទាក់ទាញការវិនិយោគពីវិស័យឯកជន។

រូបភាពតំណាង
រូបភាពតំណាង

ធនាគារអភិវឌ្ឍន៍អាស៊ី គូសរំលេចលើសេចក្តីប្រកាលព័ត៌មានថា៖«សមិទ្ធផលសំខាន់នៃកម្មវិធីនេះ គឺការបង្កើតសំណុំបទប្បញ្ញត្តិដំបូងរបស់កម្ពុជា សម្រាប់បង្កើតស្ដង់ដារប្រសិទ្ធភាពថាមពលអប្បបរមា (Minimum Energy Performance Standards) សម្រាប់ឧបករណ៍អគ្គិសនី ដោយចាប់ផ្តើមពីម៉ាស៊ីនត្រជាក់ ដែលរួមចំណែកធំបំផុតក្នុងការប្រើប្រាស់ថាមពលក្នុងវិស័យលំនៅឋាន»។ មានន័យថា កម្មវិធីដំណាក់កាលទីពីរនេះ ក៏នឹងបង្កើតមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពលផងដែរ ក្នុងគោលបំណងសម្របសម្រួលលទ្ធភាពទទួលបានហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុក ដើម្បីវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពល។

រូបភាពតំណាង
រូបភាពតំណាង

ក្នុងពេលជាមួយគ្នា មូលនិធិបង្វិលនេះ នឹងត្រូវបង្កើតឡើងតាមរយៈរចនាសម្ព័ន្ធអន្តរការីហិរញ្ញវត្ថុ ដើម្បីឱ្យធនាគារក្នុងស្រុកអាចបង្កើនប្រាក់កម្ចីដល់សហគ្រាសធុនតូច និងមធ្យម សម្រាប់ការវិនិយោគ លើប្រសិទ្ធភាពថាមពល។ ក្នុងន័យនេះ ADB បញ្ជាក់តាមរយៈការបញ្ចូលស្ថាប័នហិរញ្ញវត្ថុក្នុងស្រុក និងការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម មូលនិធិបង្វិលនេះ ត្រូវបានរំពឹងថា នឹងពន្លឿនការវិនិយោគលើប្រសិទ្ធភាពថាមពលនៅទូទាំងប្រទេសកម្ពុជា។ ស្របជាមួយគ្នានេះ ADB ប្រកាសបន្ថែមថា «កម្មវិធីដំណាក់កាលទីពីរនេះ» នឹងត្រូវបន្តដោយដំណាក់កាលទីបីទៀតនៅឆ្នាំ២០២៧ ដែលនឹងធ្វើឱ្យកំណែទម្រង់កាន់តែស៊ីជម្រៅបន្ថែមទៀត តាមរយៈការពង្រីកក្របខ័ណ្ឌបទប្បញ្ញត្តិប្រសិទ្ធភាពថាមពល និងការបង្កើតស្ដង់ដារបច្ចេកទេសសម្រាប់ថាមពលកកើតឡើងវិញសម្រាប់អគារ និងឧស្សាហកម្ម ដើម្បីទាក់ទាញការវិនិយោគពីវិស័យឯកជនបន្ថែមទៀត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត