
រាជធានីភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចី និងជំនួយឥតសំណងចំនួន៩៣,៦លានដុល្លារ ដើម្បីកែលម្អនិងពង្រីកការផ្គត់ផ្គង់ទឹកមានសុវត្ថិភាព និងអនាម័យមូលដ្ឋាន (WASH) ដែលធន់នឹងអាកាសធាតុ និងប្រកបដោយបរិយាបន្ននៅទីជនបទសម្រាប់ ៨៨ ០០០គ្រួសារ។

តាមលិខិតប្រកាសនាថ្ងៃទី២កញ្ញា ឆ្នាំ២០២៤នេះ ADB បានឱ្យដឹងថា ប្រាក់ទាំងនេះនឹងយកទៅអភិវឌ្ឍ ក្នុងភូមិចំនួន ៤០០ នៃឃុំចំនួន៥០ ក្នុង៩ខេត្តនៃប្រទេសកម្ពុជា ដែលនឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការផ្ដល់លទ្ធភាពទទួលបានជាសកលនូវការផ្គត់ផ្គង់ទឹកនិងសម្ភារៈអនាម័យ ដែលមានការគ្រប់គ្រងប្រកបដោយសុវត្ថិភាពនៅតំបន់ជនបទ និងធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានគ្រឿងបរិក្ខាររក្សាអនាម័យ ដែលគ្រប់គ្រងប្រកបដោយសុវត្ថិភាព រួមជាមួយតម្លៃសមរម្យសម្រាប់សេវាទាំងនោះ។
បន្ថែមពីនេះ កម្មវិធីនេះនឹងលើកកម្ពស់ដល់ការចូលរួមរបស់វិស័យឯកជនក្នុងការផ្ដល់សេវាផ្គត់ផ្គង់ទឹកមានសុវត្ថិភាព។ វាក៏មានគោលបំណងធានាភាពធន់នឹងអាកាសធាតុនៃគ្រឿងបរិក្ខារ WASH តាមរយៈការបន្ថែមគំនិតកាន់តែច្រើនអំពីការប្រែប្រួលអាកាសធាតុទៅក្នុងការធ្វើផែនការ ការរចនា និងការអនុវត្តកម្មវិធី។ កម្មវិធីនេះនឹងពង្រឹងការសម្របសម្រួលក្នុងចំណោមភាគីពាក់ព័ន្ធ និងការធ្វើវិមជ្ឈការមុខងារ ដើម្បីធានាបាននូវការផ្ដល់សេវាប្រកបដោយប្រសិទ្ធភាព។

កម្មវិធីនេះរួមបញ្ចូលជំនួយឥតសំណងចំនួន ៣លានដុល្លារពីមូលនិធិជប៉ុនសម្រាប់វិបុលភាពនិងភាពធន់នៅអាស៊ីនិងប៉ាស៊ីហ្វិក (JFPR) ដើម្បីជួយផ្តល់ហិរញ្ញប្បទានដល់ការពង្រីកបរិក្ខារ WASH នៅក្នុងខេត្តមានប្រជាពលរដ្ឋក្រីក្ររស់នៅទីជនបទដែលប្រឈមមុខខ្លាំងនឹងបញ្ហាទទួលបានការផ្គត់ផ្គង់ទឹក មានសុវត្ថិភាព និងអនាម័យមូលដ្ឋានដែលរួមមាន៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង កំពង់ស្ពឺ កំពត ក្រចេះ ឧត្តរមានជ័យ ប៉ៃលិន ព្រះវិហារ និងស្ទឹងត្រែង។ ដោយឡែក ជំនួយបច្ចេកទេសចំនួន៦០មឺុនដុល្លារ ដែលផ្តល់ហិរញ្ញប្បទានដោយបរធនបាលភាពជាដៃគូផ្តល់ហិរញ្ញប្បទានអនាម័យ នៃមូលនិធិភាពជាដៃគូផ្តល់ហិរញ្ញប្បទានអនាម័យនឹងគាំទ្រការពង្រឹងសមត្ថភាពរបស់រាជរដ្ឋាភិបាលក្នុងការធ្វើកំណែទម្រង់វិស័យសំខាន់ៗទាក់ទងនឹងផ្នែកនេះ។
នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា លោកស្រី ជូសាណា វាម៉ា (Jyotsana Varma) មានប្រសាសន៍ថា៖ «កម្មវិធីនេះគាំទ្រ WASH ដើម្បីទាំងអស់គ្នា ដោយផ្តល់អាទិភាពដល់ប្រជាពលរដ្ឋរស់នៅតំបន់ដាច់ស្រយាល។ វាមានបញ្ចូលកំណែទម្រង់ដើម្បីពង្រឹងអភិបាលកិច្ចក្នុងការចាត់ចែងបរិក្ខារ WASH ដែលគ្រប់គ្រងដោយសហគមន៍ និងពង្រីកវិសាលភាពការធ្វើផែនការរបស់រាជរដ្ឋាភិបាល ដើម្បីនិរន្តរភាព និងភាពធន់នឹងអាកាសធាតុ»។

គួររំលឹកផងដែរថា ក្នុងឆ្នាំ២០២២លទ្ធភាពទទួលបានការផ្គត់ផ្គង់ទឹកដែលមានការគ្រប់គ្រងប្រកបដោយសុវត្ថិភាពមាន ២៩ភាគរយនៅទូទាំងប្រទេស និង២០ភាគរយក្នុងតំបន់ជនបទ ខណៈដែលលទ្ធភាពទទួលបានអនាម័យមូលដ្ឋានដែលមានការគ្រប់គ្រងប្រកបដោយសុវត្ថិភាពមាន៣៧ភាគរយនៅទូទាំងប្រទេស និង៣៤ភាគរយនៅតំបន់ជនបទ។ ការបន្ទោរបង់ពាសវាលពាសកាលត្រូវបានអនុវត្តដោយអ្នករស់នៅតាមតំបន់ជនបទប្រហែល ២លាននាក់ ដែលសកម្មភាពនេះនាំឱ្យមានការបំពុលដី និងប្រភពទឹក និងរួមចំណែកបង្កជំងឺឆ្លងតាមរយៈទឹក។ ជារួម ប្រជាពលរដ្ឋជាង ១ លាននាក់ ជាពិសេសប្រជាពលរដ្ឋនៅតាមបណ្តាខេត្តជាប់បឹងទន្លេសាបបានទទួលអត្ថប្រយោជន៍ពីសេវា WASH ដែលគាំទ្រដោយ ADB រួចហើយ៕




