
រាជធានីភ្នំពេញ៖ រយៈពេលពេញ១ខែកក្កដា គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស បានកើតឡើងចំនួន២០៨ករណី បណ្ដាលឱ្យមានមនុស្សស្លាប់រហូតទៅដល់១៤៤នាក់ និងរបួសធ្ងន់ស្រាលចំនួន២៤៥នាក់។ នេះបើតាមរបាយការណ៍ក្រសួងមហាផ្ទៃ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦…។

របាយការណ៍បង្ហាញថា គ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើង ភាគច្រើនបណ្ដាលមកពីការបើកបរលើសល្បឿនកំណត់, ការមិនគោរពសិទ្ធិអាទិភាព, បើកបរមិនប្រកាន់ស្តាំ, ការវ៉ាជែង, បត់មិនប្រុងប្រយ័ត្ន, បើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង, មិនគោរពសញ្ញាចរាចរណ៍, និងកត្តាយានយន្ត។ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបង្ហាញក្ដីព្រួយបារម្ភ ព្រោះករណីគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងស្ទើរតែរាល់ថ្ងៃនេះ មិនត្រឹមតែបង្កឱ្យមានការបាត់បង់ជីវិត និងរងរបួសយ៉ាងធ្ងន់ធ្ងរប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានបន្សល់ទុកនូវផលវិបាកយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិទាំងមូល។

កាលពីថ្ងៃទី៣០កក្កដា លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានដាក់លិខិតគោរពជូនសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្នើសុំគោលការណ៍អនុញ្ញាត រឹតបណ្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឡើងវិញ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦តទៅ បន្ទាប់ពីការអនុវត្តច្បាប់នៅទូទាំងប្រទេសបានផ្អាកមួយរយៈធំ ដើម្បីសម្រួលដល់ស្ថានភាពសេដ្ឋកិច្ចពលរដ្ឋ។ សូមជម្រាបថា ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៦ គ្រោះថ្នាក់ចរាចរណ៍បានកើនឡើង បើធៀបឆ្នាំ២០២៥ ដោយករណីគ្រោះថ្នាក់មាន២១៣លើក ស្មើ២០ភាគរយ ចំនួនអ្នកស្លាប់មានកំណើន៧៩នាក់ ស្មើ១១ភាគរយ និងចំនួនអ្នករបួសមានកំណើន៤៦៨នាក់ ស្មើ៣២ភាគរយ៕




