
រដ្ឋធានីវៀងចន្ទន៍៖ រថយន្តក្រុងដឹកអ្នកដំណើរពេលយប់មួយគ្រឿង បានក្រឡាប់ផ្ងារជើងទ្រមេឃនៅថ្ងៃពុធទី២២ ខែមេសានេះ នៅក្នុងស្រុកប៉ាកកាឌីង (ປາກກະດິງ) ខេត្តបលិខាំសៃ(ບໍລິຄໍາໄຊ) ប្រទេសឡាវ បណ្ដាលឱ្យមនុស្ស៨នាក់បាត់បង់ជីវិត និង ៣៥នាក់ផ្សេងទៀតរងរបួស។ នេះបើយោងតាមការបញ្ជាក់ពីមន្ត្រីអាជ្ញាធរខេត្ត...។

គ្រោះថ្នាក់នេះ បានកើតឡើងកាលពីវេលាម៉ោងប្រហែល៤:២០នាទីព្រឹក នៅចំណុចផ្លូវកោងក្បែរភូមិណាមឌឿ(ນ້ຳເດື່ອ)។ រថយន្តក្រុងដឹកមនុស្សសរុបចំនួន៤៨នាក់ ដោយបានចាកចេញពីទីក្រុងប៉ាកសេ(ປາກເຊ) ខេត្តចម្ប៉ាស័ក ធ្វើដំណើរឆ្ពោះទៅកាន់រដ្ឋធានីវៀងចន្ទន៍ ប៉ុន្តែជាអកុសល រថយន្តបានបាត់បង់ម្ចាស់ការ និងបានក្រឡាប់ផ្ងារជើងតែម្ដង។ អាជ្ញាធរបញ្ជាក់ថា ក្នុងចំណោមអ្នកស្លាប់ទាំង៨នាក់នោះ មានជនបរទេសម្នាក់ផងដែរ ប៉ុន្តែមិនទាន់មានការបញ្ជាក់ពីសញ្ជាតិនៅឡើយទេ។ ចំណែក ឯអ្នករងរបួសទាំង៣៥នាក់ផ្សេងទៀត មានធ្ងន់មានស្រាល។ យ៉ាងណា ពួកគេត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ដែលនៅជិតបំផុតដើម្បីព្យាបាល។

តាមការសន្និដ្ឋានបឋមរបស់អាជ្ញាធរខេត្តបលិខាំសៃ មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះ អាចបណ្ដាលមកពីស្ថានភាពផ្លូវរអិល ដោយសារមានភ្លៀងធ្លាក់នៅពេលយប់ ឬដោយសារការបើកបរក្នុងល្បឿនលឿនហួសកំណត់ នៅត្រង់ចំណុចផ្លូវកោង។ បច្ចុប្បន្ន ក្រុមអ្នកជួយសង្គ្រោះនៅតែបន្តមានវត្តមាននៅកន្លែងកើតហេតុ ហើយអាជ្ញាធរខេត្តកំពុងបន្តស៊ើបអង្កេតលម្អិតបន្ថែមទៀត ជុំវិញករណីគ្រោះថ្នាក់ដ៏រន្ធត់មួយនេះ៕


