ចូលឆ្នាំ៣ថ្ងៃ មនុស្ស១៧នាក់ស្លា.ប់ និង៤៥នាក់របួ.ស ដោយសារគ្រោះថ្នាក់ចរាចរណ៍
S
Soriya Sou
17 មេសា 2026 07:08 AM

រាជធានីភ្នំពេញ៖ ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ចាប់ពីថ្ងៃទី១៤រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ នៅទូទាំងប្រទេសកម្ពុជា មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន២៧ករណី បណ្ដាលឱ្យមានមនុស្សស្លាប់១៧នាក់ និងរបួសធ្ងន់ស្រាល៤៥នាក់។

លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងនៅថ្ងៃទី១៧មេសាថា បើប្រៀបធៀបនឹងការចូលឆ្នាំ២០២៥ ករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៦នេះ បានថយចុះ៣ករណី ចំណែកអ្នកស្លាប់បានថយចុះ៩នាក់ អ្នករបួសថយចុះ២នាក់។ ចំពោះមូលហេតុ បណ្ដាលឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ បើកបរលើសល្បឿនកំណត់, មិនគោរពសិទ្ធិអាទិភាព, មិនប្រកាន់ស្ដាំ, បត់មិនប្រយ័ត្ន, ស្រវឹង, និងកត្តាយានយន្ត ជាដើម។

ជាថ្មីម្ដងទៀត អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ជាពិសេសអ្នកធ្វើដំណើរវិលត្រឡប់មករាជធានី និងទៅកាន់ទីតាំងរស់នៅ ឬបំពេញការងារផ្សេងៗ ត្រូវបើកបរគោរពច្បាប់ចរាចរណ៍ និងរក្សាស្មារតីប្រុងប្រយ័ត្នជានិច្ច។ សូមរំឭកថា ក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កាលពីឆ្នាំ២០២៥ កើតមានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន៣០ករណី បណ្ដាលឱ្យមនុស្សស្លាប់ចំនួន២៦នាក់ និងរបួសធ្ងន់ស្រាលចំនួន៤៧នាក់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត