
រាជធានីបាងកក៖ យ៉ាងហោចណាស់មានមនុស្សចំនួន៨នាក់បាត់បង់ជីវិត និង៣៥នាក់ផ្សេងទៀតបានរងរបួស នៅក្នុងគ្រោះថ្នាក់ដ៏រន្ធត់មួយ បន្ទាប់ពីរថភ្លើងដឹកទំនិញបានបុកជាមួយរថយន្តក្រុងដឹកអ្នកដំណើរ នៅចំកណ្តាលរាជធានីបាងកក ប្រទេសថៃ កាលពីថ្ងៃទី១៦ ខែឧសភាម្សិលមិញ...។

ហេតុការណ៍ដ៏រន្ធត់នេះ កើតឡើងនៅវេលារសៀលស្ថិតនៅត្រង់ចំណុចផ្លូវប្រសព្វដ៏មមាញឹកមួយ ដែលមានរថយន្តឆ្លងកាត់រាប់ម៉ឺនគ្រឿងក្នុងមួយថ្ងៃៗ ខណៈកម្លាំងបុកទង្គិចនោះបានធ្វើឱ្យរថយន្តក្រុងផ្ទុះឆេះភ្លាមៗ និងរងការខូចខាតខ្លាំងរហូតសល់តែគ្រោងដែក។ តាមការស៊ើបអង្កេតបឋមពីក្រសួងដឹកជញ្ជូនថៃ បានឱ្យដឹងថា រថយន្តក្រុងរបស់អាជ្ញាធរដឹកជញ្ជូនសាធារណៈបាងកក មួយគ្រឿងនេះ បានបើកឆ្លងកាត់ភ្លើងស្តុបពណ៌ក្រហមលើផ្លូវរថភ្លើងតែម្ដង ធ្វើឱ្យរបាំងការពារស្វ័យប្រវត្តិផ្លូវរថភ្លើងមិនអាចទម្លាក់ចុះមកបាន។ ចំណែករថភ្លើងដែលដឹកកុងតឺន័រធ្ងន់ៗ មិនអាចជាន់ហ្វ្រាំងបញ្ឈប់ល្បឿនដែលកំពុងលឿនស្លេវនោះបានទាន់ពេលវេលាទេ ទើបបណ្ដាលឱ្យបុកគ្នាពេញទំហឹងតែម្ដង។ ភ្លាមៗ លោកនាយករដ្ឋមន្ត្រីថៃ អានុទីន ឆានវីរកុល (Anutin Charnvirakul) បានបញ្ជាឱ្យមានការស៊ើបអង្កេតបន្ទាន់លើករណីនេះ។

គួររំលឹកថា គ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរដែលមានមនុស្សស្លាប់ច្រើន គឺជារឿងដែលកើតឡើងជាញឹកញាប់នៅក្នុងប្រទេសថៃ ជាប្រទេសមួយ មានអត្រាគ្រោះថ្នាក់ចរាចរណ៍ខ្ពស់បំផុតលើពិភពលោក ដោយសារកត្តាបើកបរលឿន ស្រវឹង និងការអនុវត្តច្បាប់នៅមានកម្រិត។ កាលពីខែមករាកន្លងទៅ ករណីបាក់ឧបករណ៍ស្ទូចសង្កត់លើរថភ្លើងដឹកអ្នកដំណើរនៅភាគឦសានប្រទេសថៃ ក៏បានសម្លាប់មនុស្សរហូតដល់ទៅ៣២នាក់ និងរបួសជាច្រើននាក់ផងដែរ។ សូមជម្រាបថា ប្រទេសថៃ ចាប់តាំងពីបើកការឈ្លានពានដែនអធិបតេយ្យកម្ពុជា តែងកើតមានហេតុការណ៍គ្រោះថ្នាក់ចម្លែក បាតុភូតធម្មជាតិ បង្កការគំរាមកំហែងប្រទេសនេះម្តងហើយម្តងទៀត ហាក់ដូចជាត្រូវបណ្តាសារដូនតាខ្មែរ៕




