គ្រោះថ្នាក់ចរាចរណ៍កើតឡើងមិនថយសោះ រដ្ឋមន្រ្តីមហាផ្ទៃបង្ហាញក្ដីបារម្ភ និងអំពាវនាវឱ្យគោរពច្បាប់
S
Soriya Sou
2 ម៉ោងមុន

ក្រុងកំពត៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបង្ហាញក្ដីព្រួយបារម្ភជាថ្មី ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍ដែលនៅតែបន្តកើតឡើងជារៀងរាល់ថ្ងៃ ពុំទាន់មានសញ្ញាណថមថយគួរឱ្យកត់សម្គាល់នោះទេ…។

ថ្លែងក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី១៧ ធ្វើឡើងនៅបរិវេណឆ្នេរព្រែកកំពង់បាយ ស្ថិតក្នុងក្រុងកំពត ខេត្តកំពត កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្រ្តី ស សុខា មានប្រសាសន៍ថា ក្នុងរយៈពេល៥ខែកន្លងមកនេះ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបានកើនឡើង បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ លោកគូសបញ្ជាក់ដោយក្ដីព្រួយបារម្ភថា គ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងស្ទើរតែរាល់ថ្ងៃនេះ មិនត្រឹមតែបង្កឱ្យមានការបាត់បង់ជីវិត និងរងរបួសយ៉ាងធ្ងន់ធ្ងរប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានបន្សល់ទុកនូវផលវិបាកយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិទាំងមូល។ លោក ស សុខា អះអាងថា គ្រោះថ្នាក់ចរាចរណ៍នៅតែបន្តកើតឡើងជារៀងរាល់ថ្ងៃ ពុំទាន់មានសញ្ញាណថមថយគួរឱ្យកត់សម្គាល់ទេ។

ក្នុងនាមជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លោក ស សុខា អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវគ្រប់រូប ក្រុមហ៊ុនដឹកជញ្ជូន និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមគ្នាធ្វើយ៉ាងណា «កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍» ហើយត្រូវគោរពអនុវត្តច្បាប់ ប្រកបដោយស្មារតីទទួលខុសត្រូវ។ លើសពីនេះ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានណែនាំដល់មន្ត្រីរាជការឱ្យធ្វើជាគំរូដល់ពលរដ្ឋអនុវត្តតាម ព្រោះមន្រ្តីរាជការគឺជាតួអង្គស្នូលសំខាន់បំផុតក្នុងការគោរព និងអនុវត្តច្បាប់ចរាចរណ៍។​​ សូមជម្រាបថា ការបើកបរលើសល្បឿនកំណត់ ជាមូលហេតុចម្បងទីមួយដែលបណ្ដាលឱ្យកើតមានគ្រោះថ្នាក់ទូទាំងប្រទេស ពោលរហូតដល់៤៦ភាគរយ។ មូលហេតុផ្សេងៗទៀត រួមមាន៖ មិនគោរពសិទ្ធិអាទិភាព ២២ភាគរយ, មិនប្រកាន់ស្តាំ១២ភាគរយ, វ៉ាជែងមិនប្រុងប្រយ័ត្ន៧ភាគរយ, បត់មិនត្រឹមត្រូវ៥ភាគរយ, បើកបរក្នុងស្ថានភាពស្រវឹង៤ភាគរយ, ល្មើសសញ្ញាចរាចរណ៍២ភាគរយ, ងងុយដេក១ភាគរយ និងកត្តាបច្ចេកទេសយានយន្ត១ភាគរយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត