
រដ្ឋធានីគែរ៖ ភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា បានឈានដល់កម្រិតប្រកាសអាសន្នជាថ្មី បន្ទាប់ពីប្រទេសអ៊ីរ៉ង់ចេញការព្រមានធ្ងន់ៗ ថា រដ្ឋធានីតេហេរ៉ង់ នឹងវាយប្រហារលើទីតាំងប្រេង និងឧស្ម័នរបស់បណ្តាប្រទេសជិតខាង ប្រសិនបើកងទ័ពសហរដ្ឋអាម៉េរិកស្ដាប់សម្តីប្រធានាធិបតី ដូណាល់ ត្រាំ បើកការវាយប្រហារលើគោលដៅនានារបស់អ៊ីរ៉ង់។

ការព្រមាននេះ បានធ្វើឡើងតាមរយៈប្រព័ន្ធផ្សព្វផ្សាយ Nour news ដែលស្និទ្ធនឹងក្រុមប្រឹក្សាសន្តិសុខកំពូលរបស់អ៊ីរ៉ង់។ នៅក្នុងសេចក្តីព្រមាន អ៊ីរ៉ង់បានបញ្ជាក់យ៉ាងច្បាស់ថា ប្រសិនបើសហរដ្ឋអាម៉េរិកប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ីរ៉ង់ នោះកងកម្លាំងអ៊ីរ៉ង់ នឹងវាយប្រហារតបតវិញលើទីតាំងប្រេងក្នុងប្រទេសអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាត់អារ៉ាប់រួម (UAE) ព្រមទាំងទីតាំងឧស្ម័នធម្មជាតិរបស់ប្រទេសកាតា និងអ៊ីស្រាអែល។ ជាក់ស្តែង រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាប់បាស អារ៉ាក់ឈី (Abbas Araghchi) បានជជែកតាមទូរសព្ទជាមួយមន្ត្រីជាន់ខ្ពស់នៃប្រទេសតួកគី ប៉ាគីស្ថាន និងអារ៉ាប៊ីសាអូឌីត ដើម្បីបញ្ជាក់ពីជំហររបស់រដ្ឋធានីតេហេរ៉ង់។ លោកបានព្រមានថា រាល់ការចូលរួម ឬការសម្រួលដល់ប្រតិបត្តិការយោធារបស់សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល ពីសំណាក់ប្រទេសក្នុងតំបន់ នឹងត្រូវជួបប្រទះការសងសឹកក្នុងកម្រិតសមាមាត្រគ្នា។

ដោយឡែក លោក ដូណាល់ ត្រាំ បានថ្លែងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅឯកិច្ចប្រជុំ Camp David ថា ក្រុមអ្នកចរចាសហរដ្ឋអាម៉េរិក នៅតែព្យាយាមស្វែងរកដំណោះស្រាយតាមផ្លូវការទូត។ ទោះជាយ៉ាងណាក៏ដោយ លោក ត្រាំ បានសម្ដែងការបាត់បង់ទំនុកចិត្តលើថ្នាក់ដឹកនាំអ៊ីរ៉ង់ ដោយចោទប្រកាន់ថា អ៊ីរ៉ង់ជាញឹកញាប់តែងតែក្បត់សន្យា។ ជាចុងក្រោយ លោក ត្រាំ បានព្រមានធ្ងន់ៗថា កងទ័ពសហរដ្ឋអាម៉េរិកអាចនឹងបើកការវាយប្រហារលើអ៊ីរ៉ង់ នាពេលឆាប់ៗនេះ៕





