ឧទ្ធម្ភាគចក្រពន្លត់អគ្គិភ័យ២គ្រឿង បុកគ្នាផ្ទុះកណ្តាលអាកាស ស្លា.ប់ពីឡុត២នាក់នៅក្រិក
N
Nary Vann
03 សីហា 2026 10:15 AM

រដ្ឋធានីអាថែន៖ អាជ្ញាធរពន្លត់អគ្គិភ័យនៃប្រទេសក្រិក បានបញ្ជាក់ពីការស្វែងរកឃើញសពរបស់អ្នកបើកបរ និងអាកាសយានិកជំនួយនៃឧទ្ធម្ភាគចក្រពន្លត់អគ្គិភ័យមួយគ្រឿង ដែលបានបុកទង្គិចគ្នាជាមួយឧទ្ធម្ភាគចក្រមួយគ្រឿងទៀត រួចផ្ទុះធ្លាក់កាលពីថ្ងៃទី២សីហាម្សិលមិញ...។  

រូបភាពវីដេអូបានបង្ហាញថា ស្លាបចក្រនៃឧទ្ធម្ភាគចក្រមួយ បានទៅប៉ះទង្គិចជាមួយឧទ្ធម្ភាគចក្រមួយទៀត បណ្ដាលឱ្យផ្ទុះជាអណ្តាតភ្លើងយ៉ាងរន្ធត់ និងធ្លាក់ចុះមកដីតែម្ដង។ អ្នកបើកបរម្នាក់ជាជនជាតិដាណឺម៉ាក និងម្នាក់ទៀតជាជនជាតិក្រិក បានពលីជីវិតក្នុងហេតុការណ៍នេះ ខណៈឧទ្ធម្ភាគចក្រមួយគ្រឿងទៀត បានចុះចតជាបន្ទាន់ដោយសុវត្ថិភាព ហើយក្រុមនាវិក២នាក់នៅលើនោះ បានរួចផុតជីវិត។ សោកនាដកម្មនេះ បានធ្វើឱ្យចំនួនអ្នកស្លាប់ ក្នុងបេសកកម្មពន្លត់ភ្លើងព្រៃនៅប្រទេសក្រិក កើនឡើងដល់៥នាក់ហើយ បន្ទាប់ពីមន្ត្រីពន្លត់អគ្គិភ័យ៣នាក់ផ្សេងទៀត បានបាត់បង់ជីវិតកាលពីសប្តាហ៍មុន។

បច្ចុប្បន្ន អណ្តាតភ្លើងដ៏កាចសាហាវដែលកំពុងឆាបឆេះ នៅភាគខាងលិចរដ្ឋធានីអាថែន បានផ្ទុះរាលដាលយ៉ាងខ្លាំង ដោយបំផ្លាញផ្ទៃដីព្រៃឈើ ផ្ទះសម្បែង និងដីកសិកម្មអស់ជាង១ម៉ឺនហិកតា។ កងកម្លាំងសង្គ្រោះបន្ទាន់រាប់រយនាក់ រួមទាំងក្រុមពន្លត់អគ្គិភ័យអន្តរជាតិ មកពីប្រទេសរ៉ូម៉ានី និងបារាំង បានព្យាយាមពន្លត់អណ្តាតភ្លើងដើម្បីគ្រប់គ្រងស្ថានការណ៍ ខណៈសមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស២នាក់ ដែលសង្ស័យថាបានបង្កឱ្យមានភ្លើងឆេះព្រៃនេះឡើង ដោយសារការឆ្លងចរន្តអគ្គិសនីនៅទីតាំងឯកជនមួយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត