ក្រិកគ្រោងទិញប្រព័ន្ធការពារដែនអាកាស៤ពាន់លានដុល្លារ ពីអ៊ីស្រាអែល
ហៀប ស៊ីថេត
12 ម៉ោងមុន

រដ្ឋធានីអាថែន៖ ក្រុមប្រឹក្សាសន្តិសុខជាតិរបស់ប្រទេសក្រិក (KYSEA) ត្រូវបានរំពឹងថានឹងផ្តល់ការអនុម័តចុងក្រោយនៅថ្ងៃព្រហស្បតិ៍ទី២៣ ខែកក្កដានេះ សម្រាប់ការបញ្ជាទិញប្រព័ន្ធការពារអាកាសពហុស្រទាប់ ពីប្រទេសអ៊ីស្រាអែល ដែលមានតម្លៃរហូតដល់ប្រមាណ៤ពាន់លានដុល្លារ ព្រមទាំងដ្រូនជាច្រើនប្រភេទ នេះបើយោងតាមប្រភពព័ត៌មាន២ បានប្រាប់សារព័ត៌មានរ៉យទ័រ...។

KYSEA បានអនុម័តជាបឋមរួចរាល់ហើយ កាលពីដើមឆ្នាំនេះ ហើយត្រូវបានរំពឹងថានឹងអនុម័តលើកិច្ចសន្យាទិញ-លក់ ជាផ្លូវការ នេះបើយោងតាមមន្ត្រីម្នាក់។​ ប្រទេសក្រិកមានបំណងបង្កើតប្រព័ន្ធការពារប្រឆាំងមីស៊ីលបាលីស្ទីក ប្រឆាំងយន្តហោះចម្បាំង និងប្រឆាំងដ្រូនពហុស្រទាប់ មានឈ្មោះថា «Achilles Shield»។ ប្រព័ន្ធរ៉ាដា និងគ្រាប់មីស៊ីលរបស់អ៊ីស្រាអែល ដែលផលិតដោយក្រុមហ៊ុន Rafael និង IAI នឹងក្លាយជាតួឯកដ៏សំខាន់នៃប្រព័ន្ធការពារដែនអាកាសនៃប្រទេសក្រិក។ រដ្ឋាភិបាលក្រិកបានបញ្ជាក់ថា ខ្លួនមានផែនការចំណាយថវិកាប្រមាណជាង៣២ពាន់លានដុល្លារ ត្រឹមឆ្នាំ ២០៣៦ ដើម្បីធ្វើបច្ចុប្បន្នភាពកងកម្លាំងការពារជាតិ រួមទាំងការទិញយន្តហោះចម្បាំង F-35 ថ្មីរហូតដល់៤០គ្រឿងពីសហរដ្ឋអាម៉េរិក និងនាវាចម្បាំងចម្បាំងថ្នាក់ហ្រ្វ៊ីហ្កេត (Frigate) ពីប្រទេសបារាំង និងអ៊ីតាលី។

ប្រទេសក្រិក បានចំណាយថវិកាចំនួនជិត៣,៥ភាគរយនៃផលិតផលក្នុងស្រុកសរុបលើវិស័យការពារជាតិ ដែលជាសមាមាត្រខ្ពស់ជាងបណ្តាប្រទេសជាសមាជិកអង្គការ NATO ជាច្រើន ដោយសារតែមានវិវាទដ៏យូរអង្វែងជាមួយប្រទេសតួកគី។ ដោយសារមានទំនាក់ទំនងសេដ្ឋកិច្ច និងការទូតយ៉ាងជិតស្និទ្ធ ក្រិក និងអ៊ីស្រាអែល បានរួមគ្នាដំណើរការមជ្ឈមណ្ឌលហ្វឹកហ្វឺនផ្លូវអាកាស នៅលើទឹកដីក្រិក រៀបចំការធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំ និងសហការគ្នាយ៉ាងជិតស្និទ្ធលើប្រព័ន្ធប្រឆាំងដ្រូន និងសន្តិសុខសាយប័រ។ គេនៅចាំបានថា កាលពីឆ្នាំមុន ប្រទេសក្រិកបានអនុម័តការទិញប្រព័ន្ធកាំភ្លើងធំចំនួន៣៦ប្រព័ន្ធ ផលិតដោយអ៊ីស្រាអែល ក្នុងតម្លៃប្រមាណ៧៤៣លានដុល្លារអាម៉េរិក។ បច្ចុប្បន្ន ប្រទេសក្រិកកំពុងប្រើប្រាស់ប្រព័ន្ធ Patriot របស់សហរដ្ឋអាម៉េរិក និងប្រព័ន្ធ S-300 ចាស់របស់រុស្ស៊ី ដើម្បីការពារដែនអាកាសរបស់ខ្លួន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត