
រដ្ឋធានីអូតាវ៉ា៖ ភ្លើងឆេះព្រៃដ៏សាហាវបានរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងខេត្ត British Columbia ប្រទេសកាណាដា ដោយបានបង្ខំឱ្យប្រជាពលរដ្ឋជាង២ម៉ឺននាក់ត្រូវជម្លៀសខ្លួនជាប្រញាប់ ខណៈអណ្តាតភ្លើងបានបំផ្លិចបំផ្លាញផ្ទះសម្បែងជាច្រើនខ្នង។

ភ្លើងឆេះព្រៃឈ្មោះ «Bald Range» បានឆាបឆេះ និងរាលដាលលើផ្ទៃដីប្រមាណ៩៥០០ហិកតា ដោយបានបង្ខំឱ្យអាជ្ញាធរចេញបញ្ជាឱ្យជម្លៀសប្រជាពលរដ្ឋទាំងស្រុងចេញពីក្រុងចំនួន២។ អភិបាលតំបន់ បានប្រកាសដាក់តំបន់របស់ខ្លួន ក្នុងស្ថានភាពអាសន្ន ស្របពេលមានអគ្គិភ័យជាង១០០កន្លែងកំពុងកើតឡើងនៅទូទាំងតំបន់ ហើយជិតពាក់កណ្តាលនៃអគ្គិភ័យទាំងនោះមិនទាន់អាចគ្រប់គ្រងបាន ដោយសារធាតុអាកាសក្ដៅ ស្ងួត និងមានខ្យល់បក់ខ្លាំង។

ក្រុមអ្នកជួយសង្គ្រោះត្រូវប្រញាប់ប្រញាល់ប្រើប្រាស់ឧទ្ធម្ភាគចក្រ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋដែលជាប់គាំង និងមិនអាចជម្លៀសខ្លួនតាមផ្លូវគោកបាន។ អាជ្ញាធរកាណាដាបានសង្កត់ធ្ងន់ថា គ្រោះមហន្តរាយភ្លើងឆេះព្រៃដ៏ធ្ងន់ធ្ងរនាពេលនេះ គឺជាផលវិបាកនៃការប្រែប្រួលអាកាសធាតុ និងរលកកម្ដៅខ្លាំង ដែលបានធ្វើឱ្យរុក្ខជាតិស្ងួត និងងាយឆាបឆេះ ខណៈកងកម្លាំងពន្លត់អគ្គិភ័យប្រមាណ១៥០០នាក់ រួមទាំងក្រុមជំនួយអន្តរជាតិមកពីប្រទេសមិកស៊ិក អូស្ត្រាលី បារាំង និងញូវហ្សេឡង់ កំពុងបន្តប្រតិបត្តិការយ៉ាងសកម្ម៕





