
រាជធានីភ្នំពេញ៖ ក្រសួងបរិស្ថាន បានបើកដំណើរការពិព័រណ៌ «ពន្លកបៃតង» និងព្រឹត្តិការណ៍ដាំដើមត្នោត១លានដើមឆ្នាំ២០២៦ ជាផ្លូវការនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦។ ក្រសួងបានអំពាវនាវឱ្យសាធារណជន អញ្ជើញទៅទទួលកូនឈើនៅមុខទីស្ដីការក្រសួងបរិស្ថាន ដើម្បីយកទៅដាំដោយឥតគិតថ្លៃ ដើម្បីង្កើនគម្របបៃតង ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា…។

ពិព័រណ៌ផ្សព្វផ្សាយ «ពន្លកបៃតង» និងប្រកាសព្រឹត្តិការណ៍ ដាំដើមត្នោត១លានដើម ឆ្នាំ២០២៦ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣កក្កដា ដោយមានការដាក់តាំងពិពណ៌កូនឈើ និងចែកកូនឈើនៅតាមស្តង់នីមួយៗដោយឥតគិតថ្លៃ។ លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ជាអធិបតីក្នុងពិធីនេះ បានចាត់ទុកពិព័រណ៌ «ពន្លកបៃតង» គឺជាបេសកកម្មជាតិដ៏មានគុណតម្លៃខ្ពស់បំផុត ក្នុងការបណ្ដុះស្មារតីស្រឡាញ់បរិស្ថាន ធម្មជាតិ និងព្រៃឈើ។ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន មានប្រសាសន៍ដែរថា៖ «ពន្លកបៃតង» គឺជានិមិត្តរូបនៃក្ដីសង្ឃឹម ការទទួលខុសត្រូវ និងការចាប់ផ្តើមថ្មី សម្រាប់កម្ពុជាបៃតងស្អាត និងប្រកបដោយចីរភាព។ ថ្ងៃនេះ យើងមិនត្រឹមតែជួបជុំគ្នាដើម្បីបើកពិព័រណ៌ពន្លកបៃតង ប៉ុណ្ណោះទេ ប៉ុន្តែយើងកំពុងរួមគ្នាប្រកាសចាប់ផ្តើម ចលនាជាតិមួយ ដែលមានគោលបំណងលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋគ្រប់រូបក្នុងការការពារ និងស្ដារធនធានធម្មជាតិ»។

សូមជម្រាបថា ក្រសួងបរិស្ថានបានរៀបចំចែកកូនឈើចម្រុះប្រមាណ៥លានដើម ដោយឥតគិតថ្លៃជូនដល់សាធារណជន នៅក្នុងឆ្នាំ២០២៦។ ក្រៅពីកូនឈើ ក្រសួងក៏មានការដាក់តាំងពិពណ៌រថយន្ត និងម៉ូតូអគ្គិសនី សំដៅលើកទឹកចិត្តសាធារណជនឱ្យប្រើប្រាស់មធ្យោបាយធ្វើដំណើរប្រភេទនេះ ដើម្បីរួមចំណែកកាត់បន្ថយការបញ្ចេញកាបូនទៅក្នុងបរិស្ថាន បង្កើនភាពស្អាតក្នុងទីក្រុង និងគាំទ្រចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសអព្យាក្រឹត្យកាបូន៕






