
រដ្ឋធានីប៉េកាំង៖ គម្រោងឧស្ម័នធម្មជាតិ ដែលបានគាំងជាយូរមកហើយរបស់ឥណ្ឌូណេស៊ី នៅក្នុងសមុទ្ទណាធូណា (Natuna) ខាងជើង កំពុងចាប់ផ្តើមកម្រើកឡើងវិញ ខណៈប្រតិបត្តិករថ្មីបានបញ្ជាក់ថា សកម្មភាពនានា បានចាប់ផ្តើមឡើងវិញនៅក្នុងតំបន់ដែនសមុទ្ទដ៏រសើបតាមផ្លូវទឹកយុទ្ធសាស្ត្រនេះ បន្ទាប់ពីជួបប្រទះភាពមិនប្រាកដប្រជានៃពាណិជ្ជកម្ម និងសម្ពាធពីប្រទេសចិនអស់រយៈពេលជាច្រើនឆ្នាំ...។

ក្រុមហ៊ុន Prime Group ជាក្រុមហ៊ុនឥណ្ឌូណេស៊ី បានទទួលសិទ្ធិប្រតិបត្តិការបន្តពីក្រុមហ៊ុន Harbor Energy របស់ចក្រភពអង់គ្លេស បានប្រាប់សារព័ត៌មាន This Week in Asia ថា៖«សកម្មភាពពាក់ព័ន្ធនឹងកិច្ចសន្យាចែករំលែកផលិតកម្ម Tuna PSC បានចាប់ផ្តើមឡើងវិញ ស្របតាមតម្រូវការបទប្បញ្ញត្តិជាធរមាន»។ Tuna PSC គឺជាកិច្ចព្រមព្រៀងគ្រប់គ្រងការអភិវឌ្ឍវាលឧស្ម័ន ដែលត្រូវបានដាក់ឈ្មោះតាមតំបន់អាជ្ញាបណ្ណអនុញ្ញាតនៅក្រៅឆ្នេរ។ តំបន់ឧស្ម័ន Tuna នេះ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ឥណ្ឌូណេស៊ី ក្នុងដែនទឹកដែលរដ្ឋធានីប៉េកាំងធ្លាប់បានបដិសេធ និងប្រឆាំងចំពោះសកម្មភាពស្វែងរក និងខួងយកប្រេងរបស់រដ្ឋធានីហ្សាការតា កាលពីមុន។ ការរស់ឡើងវិញនៃគម្រោងនេះ ក៏ត្រូវពឹងផ្អែកលើដៃគូដែលជាក្រុមហ៊ុនរដ្ឋរបស់រុស្ស៊ីផងដែរ នៅក្នុងពេលវេលាដែលទណ្ឌកម្ម និងក្ដីបារម្ភលើការអនុវត្តច្បាប់ បានធ្វើឱ្យការវិនិយោគលើថាមពលមានភាពស្មុគស្មាញ។

ក្រុមអ្នកវិភាគបានលើកឡើងថា គម្រោងដែលត្រូវបានស្តារឡើងវិញនេះ នឹងក្លាយជាការសាកល្បងមើលថា តើរដ្ឋបាលរបស់ប្រធានាធិបតី ប្រាបូវ៉ូ ស៊ូបៀនតូ (Prabowo Subianto) អាចជំរុញសិទ្ធិលើធនធានរបស់ឥណ្ឌូណេស៊ី ដោយមិនបង្កឱ្យមានជម្លោះអធិបតេយ្យភាពជាសាធារណៈជាមួយប្រទេសចិនបានដែរឬទេ..? សេចក្ដីជូនដំណឹងអំពីការជ្រើសរើសបុគ្គលិកដែលបង្ហោះដោយក្រុមហ៊ុន Prime Group តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួននៅលើគេហទំព័រការងារប្រេង និងឧស្ម័ន បានផ្តល់ជាតម្រុយអំពីជំហានបន្ទាប់នៃគម្រោងនេះ។ ការប្រកាសបានបង្ហាញថា ក្រុមហ៊ុនកំពុងជ្រើសរើសបុគ្គលិកសម្រាប់តួនាទីជាច្រើនពាក់ព័ន្ធនឹងគម្រោង Tuna ភ្ជាប់ទៅនឹងការងារវិស្វកម្មដំបូងសម្រាប់បរិក្ខារផលិតកម្មនៅក្រៅឆ្នេរ ដោយការងារនេះត្រូវបានរៀបចំផែនការសម្រាប់ខែកញ្ញា។

ទោះជាយ៉ាងណា សេចក្ដីជូនដំណឹងនេះមិនបានបញ្ជាក់ថា តើការងារនៅក្នុងសមុទ្ទនេះ បានចាប់ផ្តើមហើយឬនៅនោះទេ។ ក្រសួងថាមពលរបស់ឥណ្ឌូណេស៊ី បានអះអាងកាលពីខែមិថុនាថា ក្រុមហ៊ុនប្រេងរដ្ឋរុស្ស៊ី Zarubezhneft ដែលកាន់កាប់ភាគហ៊ុន ៥០ភាគរយនៅក្នុងតំបន់ឧស្ម័ន Tuna តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន ZN Asia គឺបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តគម្រោងនេះ។ ឯក្រុមហ៊ុន Prime Group គឺជាអ្នកកាន់កាប់ភាគហ៊ុន៥០ភាគរយដែលនៅសល់៕




