
រដ្ឋធានីហ្សាការតា៖ នាយកដ្ឋានគយឥណ្ឌូណេស៊ី បានអះអាងនៅថ្ងៃសុក្រទី៣១ ខែកក្កដា ថា អាជ្ញាធរបានចាប់ខ្លួនអ្នកបើកបរយន្តហោះជនជាតិម៉ាឡេស៊ីម្នាក់ ដែលត្រូវបានចោទប្រកាន់ពីបទរត់ពន្ធថ្នាំញៀនប្រភេទ MDMA ទម្ងន់២៦គីឡូក្រាម ចូលទៅកាន់រដ្ឋធានីហ្សាការតា កំលុងពេលបំពេញការងារ ហើយអ្នកបើកបររូបនោះក៏ស្ថិតក្រោមឥទ្ធិពលថ្នាំញៀនផងដែរ។

អ្នកបើកបរយន្តហោះអាយុ៣៩ឆ្នាំរូបនេះ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធទី២៩កក្កដា នៅឯអាកាសយានដ្ឋានពាណិជ្ជកម្មនៃរដ្ឋធានីហ្សាការតា។ ជុំវិញបញ្ហានេះ មន្ត្រីគយបានថ្លែងក្នុងសន្និសីទសារព័ត៌មានថា អ្នកបើកបរយន្តហោះរូបនេះ ដែលត្រូវបានគេហៅកាត់ថា «MS» ទើបតែបានបើកបរយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Malaysian Airlines ពីរាជធានីគូឡាឡាំពួរ ទៅកាន់រដ្ឋធានីហ្សាការតា។ នាយកដ្ឋានគយបានបញ្ជាក់ថា អ្នកបើកបរយន្តហោះរូបនេះ ជាជនសង្ស័យជាប់ព័ន្ធក្នុងបទល្មើសព្រហ្មទណ្ឌ ក្រោយរកឃើញថ្នាំញៀនប្រភេទ MDMA ដាក់ក្នុងវ៉ាលីសទៅកាន់រដ្ឋធានីហ្សាការតា។

មន្ត្រីគយឥណ្ឌូណេស៊ីបានបន្ថែមថា ផ្អែកលើលទ្ធផលធ្វើតេស្តទឹកនោម អ្នកបើកបរយន្តហោះរូបនេះស្ថិតក្រោមឥទ្ធិពលនៃថ្នាំញៀនប្រភេទកូកាអ៊ីន (Cocaine) និងមេតំហ្វេតាមីន (Methamphetamine) ហើយអាជ្ញាធរឥណ្ឌូណេស៊ី និងម៉ាឡេស៊ីកំពុងទាក់ទងគ្នាលើករណីនេះ។ ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines មិនធ្វើអត្ថាធិប្បាយលើករណីនេះទេ ដោយសារតែកំពុងស្ថិតក្រោមការស៊ើបអង្កេត ប៉ុន្តែបានថ្លែងថា មិនអត់ឱនឱ្យគ្រប់ទម្រង់នៃការប្រព្រឹត្តខុសណាមួយឡើយ ហើយបច្ចុប្បន្នកំពុងត្រួតពិនិត្យឡើងវិញផ្ទៃក្នុងលើរឿងនេះ។ ក្រុមហ៊ុនបានបន្ថែមថា នឹងសហការជាមួយអាជ្ញាធរពាក់ព័ន្ធ លើករណីនេះ។ ប្រទេសឥណ្ឌូណេស៊ីមានច្បាប់ថ្នាំញៀនយ៉ាងម៉ឺងម៉ាត់។ ករណីធ្លាប់កើតមាន! កាលពីឆ្នាំ២០១៥ ឥណ្ឌូណេស៊ី ធ្លាប់បានកាត់ទោសប្រហារជីវិតជនជាតិអូស្ត្រាលី២នាក់ ពីបទព្យាយាមរត់ពន្ធថ្នាំហេរ៉ូអ៊ីនជាង៨គីឡូក្រាម ចេញពីកោះបាលី៕





